ដូណាល់ ត្រាំ នឹងឈរឈ្មោះប្រធានាធិបតីឆ្នាំ២០២៤ តែទាត់ចោលរឿងបង្កើតបក្សថ្មី

លោក ដូណាល់ ត្រាំ គ្មានផែនការបង្កើតគណបក្សនយោបាយថ្មីទេដោយបានប្រាប់ក្នុងសន្និសិទអភិរក្សក្នុងរដ្ឋហ្លរីដាថា វានឹងធ្វើឲ្យបែកសំឡេងឆ្នោតគណបក្សសាធារណៈទៅវិញ។

ក្នុងសុន្ទរកថាលើកដំបូង ចាប់តាំងពីចាញ់ឆ្នោតលោកប្រធានាធិបតី ចូ បៃដិន លោក ដូណាល់ ត្រាំ បានបង្ហើបថា លោកអាចនឹងឈរឈ្មោះដើម្បីតំណែងប្រធានាធិបតីទៀតនៅឆ្នាំ២០២៤។

លោក ត្រាំ បានរិះគន់យ៉ាងចាស់ដៃអំពីអ្នកបន្តវេនថ្មីរបស់លោក ដោយបាននិយាយថា គោលនយោបាយសហរដ្ឋអាមេរិកបានចេញពី«អាមេរិកដំបូង ទៅ អាមេរិកចុងក្រោយ។

អតីតប្រធានាធិបតីរូបនេះនៅជាប់បំរាមពីការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook និង Twitter ដែលជាការឆ្លើយតបទៅនឹងកុបកម្មដែលបណ្តាលឲ្យមានមនុស្សស្លាប់កាលពីខែមករា។

ក្នុងសន្និសីទនោះ លោក ត្រាំ បាននិយាយថា ៖«យើងជួបជុំគ្នារសៀលនេះដើម្បីនិយាយពីអនាគត គឺនិយាយពីអនាគតរបស់យើង។ និយាយពីអនាគតគណបក្សរបស់យើង និងនិយាយពីអនាគតប្រទេសជាតិជាទីស្រឡាញ់របស់យើង»។

លោកបានច្រានចោលពាក្យចចាមអារ៉ាមដែលបានកើតមានថា លោកប្រហែលជាបង្កើតគណបក្សនយោបាយថ្មី៕