ក្រុមហ៊ុន Google បានធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ទាក់ទងទៅនឹងការវាយប្រហារ Zero-day ថ្មីមួយទៀត

ក្នុងរយៈពេលតែមួយខែគត់ចាប់តាំងពីក្រុមហ៊ុន Google បានធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ទាក់ទងនឹងការវាយប្រហារ Zero-day ស្រាប់តែកាលពីប៉ុន្មានថ្ងៃមុនក្រុមហ៊ុនក៏បានប្រកាសសារជាថ្មីថា មានភាពចន្លោះប្រហោងមួយទៀតនៅក្នុងកម្មវិធី Chrome ដែលអាចឱ្យជនខិលខូចធ្វើការវាយប្រហារទៅលើកុំព្យូទ័ររបស់អ្នកប្រើប្រាស់បាន។

ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពកែសម្រួលបញ្ហានេះ ដែលមានការប៉ះពាល់ដល់កុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ Windows, Mac និង Linux ជាមួយនឹងកម្មវិធី Chrome 89.0.4389.72។ ការធ្វើបច្ចុប្បន្នភាពនេះក៏បានធ្វើការកែសម្រួលបញ្ហាចំនួន ៤៧ទៀត នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន។

ភាពចន្លោះប្រហោងដែលមានលេខសម្គាល់ CVE-2021-21166 ត្រូវបានរកឃើញកាលពីថ្ងៃទី១១ ខែកុម្ភៈដោយលោកស្រី Alison Huffman ដែលជាអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័រនៅក្រុមហ៊ុន Microsoft។ បច្ចុប្បន្នក្រុមហ៊ុន Google ពុំបានផ្ដល់ព័ត៌មានលម្អិតទាក់ទងនឹងបញ្ហានេះទេ ដើម្បីចៀសវាងកុំឱ្យជនខិលខូចផ្សេងទៀតដឹងអំពីភាពចន្លោះប្រហោង ដែលអាចធ្វើឱ្យការវាយប្រហារកាន់តែកើនឡើង។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នក នាយកដ្ឋានសូមឱ្យលោកអ្នកធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ទៅជំនាន់ 89.0.4389.72 ដោយចូលទៅក្នុង Settings > Help > About Google Chrome របស់កម្មវិធីជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ៕

ប្រភព ព័ត៌មាន