ពលរដ្ឋ និងមន្ត្រីអាយុលើស៦០ឆ្នាំជាពិសេសនៅភ្នំពេញ ព្រះសីហនុ និងកណ្តាល មានអាទិភាពទទួល​វ៉ាក់សាំង

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យរៀបចំយុទ្ធនាការ​ចាក់វ៉ាក់សាំង AstraZeneca សម្រាប់មន្ត្រី និងពលរដ្ឋដែលមាន​អាយុ​លើស​៦០​ឆ្នាំ ជាពិសេស​អ្នករស់នៅភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្តាល ដែលកំពុង​រងគ្រោះខ្លាំងជាងគេ។

ប្រមុខរដ្ឋាភិបាល បាន​ថ្លែងបែបនេះ បន្ទាប់ពីបាន​ចាក់វ៉ាក់សាំង AstraZeneca ដូសទីមួយនៅមន្ទីរពេទ្យកាល់ម៉ែត​ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ជាមួយគ្នានេះ សម្តេចបាន​បកស្រាយ​បន្ថែមទាក់ទង​នឹង​ការខកខាន​ចាក់វ៉ាក់សាំង Sinopharm របស់ចិន កាលពីថ្ងៃទី១០ កុម្ភៈ កន្លងមក ផងដែរ។ សម្តេច​បានអះអាងថា ភាគីកម្ពុជាទទួលបាននូវការបញ្ជាក់យ៉ាង​ច្បាស់លាស់​ពីចិន ថែមទាំងមាន​កំណត់ទូតពី​ការហាមប្រាមចាក់អ្នកដែលមានអាយុលើស​ពី​៥៩​ឆ្នាំ។

ក្រៅពីពលរដ្ឋ និងមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ក៏បាន​ប្រកាសផ្តល់អាទិភាពដល់មន្ត្រីទូត​បរទេសក្នុងការទទួលបាន​វ៉ាក់សាំងកូវីដ-១៩ ផងដែរ ដោយសារតែចំនួនមិនមានច្រើន៕