ក្រសួងសុខាភិបាល បញ្ចាក់ករណីជនជាតិចិនម្នាក់ ផ្ទុកមេរោគកូវីដ១៩ បានស្លាប់ក្នុងមណ្ឌលចត្តាឡីស័កព្រែកព្នៅ

ភ្នំពេញ: ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ ឈ្មោះ ឡាយ ប៊ីនស៊ាង (LAY BINXIANG) ភេទប្រុស ឆ្នាំកំណើត ១៩ ឧសភា ១៩៨៧ កន្លែងកំណើត ខេត្តហ៊្វូជាន ប្រទេសចិន ស្នាក់នៅសណ្ឋាគារ ខូល័រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្លាប់។

ជនជាតិចិនខាងលើ បានចូលមកស្នាក់នៅប្រទេសកម្ពុជា (ក្រុងព្រះសីហនុ) កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ និងត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ នឹងក៏បានបញ្ជូនជនជាតិចិនរូបនេះទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដ១៩ ព្រែកព្នៅ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ២០២១ លុះដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ៩:00 ព្រឹក ជនជាតិចិនរូបនេះបានស្លាប់។

ផ្អែកតាមលិខិតលេខ ០៦៩ សខល ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ជនជាតិចិនខាងលើ គឺជាបុគ្គលដែលប៉ះពាល់នឹងអ្នកវិជ្ជមានមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ មុនស្លាប់លទ្ធផលវិភាគវត្ថុសំណាកមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ និងដោយពុំមានរោគសញ្ញាទេ។ ប៉ុន្តែក្រោយពីក្រុមការងារកោសល្យវិច្ច័យបានពិនិត្យសាកសព នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ លទ្ធផលបានពីការពិនិត្យទឹកនោមបង្ហាញថា ” មានសារធាតុញៀនប្រភេទអំហ្វេតាមីនខ្ពស់ ” ដូច្នេះបុគ្គលនេះបានប្រើប្រាស់សារធាតុញៀនប្រភេទអំហ្វេតាមីនរយៈពេលយូរមកហើយ។

ក្រសួងសុខាភិបាល សន្និដ្ឋានថា អ្នកជំងឺទទួលមរណភាពភ្លាមៗ ដោយសារសភាព រើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្ដាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្ដង។ បច្ចុប្បន្ន សាកសពបាននិងកំពុងរក្សាទុកនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ មានអ្នកឆ្លងសរុបរហូតដល់ទៅ ៤០២នាក់ ដែលភាគច្រើនជាជនជាតិចិន៕

សូមប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ក៏ដូចជានៅឯក្រៅប្រទេស សូមមេត្តាអនុវត្តវិធានការអនាម័យ និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលមេរោគឆ្លង កូវីដ១៩នេះ ពិសេសសូមអនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ កុំ , ៣ ការពារ៕