មនុស្ស​​ស្លាប់​​៣៨​​នាក់​​នៅ​​​មីយ៉ាន់ម៉ា​​ម្សិល​មិញ​

យ៉ាង​ហោច​ណាស់​មនុស្ស​៣៨​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ​នេះ​​​ដែល​ត្រូវ​បាន​អង្គការ​ហប្រជា​ជាតិ​​​អធិប្បាយ​​ថាជា​«ថ្ងៃ​ថ្លុក​ឈាម​​បំផុត​»​ ចាប់​​តាំង​ពី​​រដ្ឋ​ប្រហារ​បាន​កើត​ឡើងមួយ​ខែ​មក​។

ប្រេសិត​អង្គការ​សហប្រជា​ជាតិ​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​លោក​ស្រី Christine Schraner Burgener បាន​និយាយ​ថា មាន​រូបភាព​គួ​រឲ្យ​​​រន្ធត់​ចេញ​ពី​ប្រទេស​​នេះ​។

សាក្សី​បាន​និយាយ​ថា កម្លាំង​បង្ក្រាប​បាន​​បាញ់​រះ​ដោយ​គ្រាប់កំភ្លើង​ជ័រ និង​គ្រាប់​កាំភ្លើងពិត។ ​

ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ និង​​​ទង្វើ​មិន​គោរព​ស៊ីវិល​​ត្រូវ​បាន​គេ​ឃើញ​កើត​មាន​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ ចាប់​តាំង​ពី​​យោធា​បាន​កាន់​កាប់​អំណាចតាំង​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ។

អ្នក​តវ៉ា​បាន​កំពុង​អំពាវ​នាវ​ឲ្យ​បញ្ឈប់​​​ការគ្រប់​គ្រង​ដោយ​របប​យោធា​ និង​ឲ្យ​ដោះ​លែង​មេដឹក​នាំ​​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​​រាប់​បញ្ចូល​ទាំង​លោក​ស្រី អ៊ុង សានស៊ូជី ដែល​ត្រូវ​បាន​​ផ្តួល​រំលំ និង​ឃុំឃាំង​ដោយ​រដ្ឋប្រហារ។

រដ្ឋ​ប្រហារ និង​ការ​បង្ក្រាប​​បាតុកម្ម​ដោយ​ហឹង្សា​បាន​បណ្តាល​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ​​យ៉ាង​ខ្លាំង។

ប្រតិកម្ម​​ជុំ​វិញ​ការ​ស្លាប់​​ច្រើន​បំផុត​នៅ​ថ្ងៃ​ពុធ​ ចក្រភព​អង់គ្លេស​បាន​អំពាវ​នាវ​ឲ្យ​​មាន​​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ នៅ​​ថ្ងៃ​សុក្រ​នេះ ខណៈ​សហរដ្ឋ​អាមេរិក​បាន​និយាយ​​ថា ខ្លួនបាន​កំពុង​ពិចារណារ​ចំណាត់​ការ​បន្ថែម​ទៀត​ដើម្បីប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា៕