រយៈពេល2ខែដើមឆ្នាំ2021 ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ កើនឡើង 55.27%


យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូត គាមអនាម័យបានបង្ហញថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល2ខែដើមឆ្នាំ2021 នេះ មានចំនួន1,599,922តោន កើនឡើងចំនួន 569,493 តោនស្មើនឹង 55.27% បើធៀបទៅនឹងឆ្នាំ 2020 ដែលបាននាំចេញទៅកាន់ប្រទេសគោលដៅចំនួន25 ។

ក្នុងចំណោមផលិតផលកសិកម្មដែលបាននាំចេញទាំងអស់ ផលិតផលដំឡូងមីទទួលបានការបញ្ជាទិញច្រើនជាងគេ គឺចំនួនជាង 950,000 តោន ក្នុងនោះដំឡូងមីក្រៀមមានចំនួន 802,451 តោន និងដំឡូងមីស្រស់ចំនួន 154,750 តោន។

ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករផ្សេងៗទៀតរួមមាន គ្រាប់ស្វាយចន្ទីចំនួន79,473 តោន គ្រាប់ពោតក្រហមមានចំនួន78,856 តោន ផ្លែចេកស្រស់ចំនួន75,645 តោន ផ្លែស្វាយស្រស់ ចំនួន43,680 តោន ម្ទេសស្រស់ចំនួន 32,417 តោន ដូងប្រេងចំនួន 7,176តោន និងកន្ទក់មាន ចំនួន 6,250 តោន រួមទាំងផលិតផលចំនួន 33 មុខផ្សេងទៀតមានបរិមាណសរុបចំនួន 31,371តោន។

ផលិតផលកសិកម្មសំខាន់ជាងគេ លំដាប់ទី2 បន្ទាប់ពីអង្ករ គឺដំឡូងមី ហើយកម្ពុជាក៏បាន អនុម័តលើគោលនយោបាយជាតិស្ដីពីដំឡូងមី ក្នុងគោលដៅអភិវឌ្ឍផលិតកម្ម និងពង្រីកការនាំ ចេញ ផលិតផលកែឆ្នៃដំឡូងមីពីកម្ពុជាផងដែរ។ កាលពីឆ្នាំ 2020 កន្លងទៅ កម្ពុជាបានដាំដុះដំឡូងមី លើ ទំហំផ្ទៃដីប្រមាណជាង 600,000 ហិកតា ដោយទទួលបានទិន្នផល12 លានតោនក្នុងមួយឆ្នាំ៕