អគ្គីភ័យលេបត្របាក់ផ្ទះមួយខ្នងខណៈម្ចាស់ផ្ទះមិននៅ

មានករណីអគ្គីភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងបណ្តាលអោយទ្រព្យសម្បត្តិក្នុងផ្ទះក្លាយជាចំណីអគ្គីភ័យអស់ទាំងស្រុងផងដែរ។ ករណីអគ្គីភ័យនេះកើតឡើង នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧:១០នាទី នៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបានអោយដឹងថាករណីភ្លើងឆេះនេះកើតឡើងដោយសារ ភ្លើងឆេះព្រៃក្បែរផ្ទះ ក្រោយមកមានផ្សែង អណ្ដាតភ្លើងចេញពីក្នុងផ្ទះតែម្ដង។ ក្នុងពេលឆេះនេះ គឺម្ចាស់ផ្ទះមិននៅ គឺពួកគាត់បានទៅចំការអស់ហើយ។

ក្រោយពីទទួលបានដំណឹងពីភ្លើងឆេះនេះភ្លាមរថយន្ដពន្លត់អគ្គីភ័យ ស្រុកលំផាត់ បានចុះជួយអន្ដរាគមន៍ភ្លាមៗ ប៉ុន្ដែដោយសារតែភ្លើងឆេះខ្លាំង(ភ្លើងឆេះពេញក្រមុំ) និងផ្លូវពីអធិការដ្ឋានទៅកន្លែងឆាបឆេះមានចម្ងាយឆ្ងាយ ទើបគ្រប់គ្រងស្ថានការមិនបាន ។ ប៉ុន្ដែកម្លាំងពន្លត់អគ្គីភ័យក៏បានបាញ់បង្ការការពារមិនអោយរាលដាលដល់ផ្ទះដទៃជិតនោះផងដែរ ដោយប្រើប្រាស់ទឹកអស់ចំនួនពីរឡាន។

របាយការណ៍ក៏បានបញ្ជាក់អោយដឹងផងដែរថា ជនរងគ្រោះឈ្មោះ មី គ្លូក ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ និងមានសមាជិក (ប្រពន្ធកូនចំនួន៥នាក់ ស្រី២នាក់) មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ករណីខាងលើនេះ បណ្ដាលអោយមានការខូចខាតទ្រព្យសម្បត្តិ រួមមាន ÷

– ផ្ទះឈើប្រក់ក្បឿង ទំហំ៨,៥០m x ១០,៥០m ។

– ស្រូវពូជ ៥បេ ។

– ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង ។

– ម៉ាស៊ីនបាញ់ថ្នាំ ១គ្រឿង ។

– ថ្នាំសម្លាប់ស្មៅ ៥កាដុង ។

– ឈើងឿ កកោះ ៣សន្លឹក ។

– ឈើងឿ ស្រឡៅ ១សន្លឹក ។

– សសរបំរុងធ្វើផ្ទះបាយ៨ដើម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ៕