ក្រសួងការពារជាតិ គ្រោងរៀបចំអតីតទីតាំងមេបញ្ជាការយោធាសមរភូមិមុខនៃរបបខ្មែរក្រហម ឲ្យប្រែក្លាយជា ” តំបន់ប្រវត្តិសាស្ត្រយោធា តេជោភ្នំ៣២” ស្ថិតក្នុងស្រុកសំពៅលូន

តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២”ដែលស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង គ្រោងរៀបចំប្រែក្លាយតំបន់សមរភូមិប្រយុទ្ធដ៏ក្តៅគគុករវាងខ្មែរនិងខ្មែរហើយក៏ជាទីតាំងដ៏រឹងមាំរបស់អតីតក្រុមទាហានខ្មែរក្រហម និងជាទីតាំងបញ្ជាការដ្ឋានយោធាជាន់ខ្ពស់សមរភូមិមុខ នៅក្នុងអំឡុងមុនពេលធ្វើការផ្តាច៎ខ្លួនចុះចូលធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាដំបូងបង្អស់មុនគេនៅក្នុងអំឡុងឆ្នាំ១៩៩៦កន្លងមកហើយក៏ជាទីតាំងអតីតសាលានយោបាយរណសិរ្ស២៥០និងផ្ទះស្នាក់នៅរបស់កម្មាភិបាលរណសិរ្ស២៥០ “កូនភ្នំ៣២” ផងដែរ។

នៅក្នុងដំណើរនៃទស្សនកិច្ចការងាររបស់ថ្នាក់ដឹកនាំជាន៎ខ្ពស់នៃក្រសួងការពារជាតិ ដែលដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៥ខែមីនាឆ្នាំ២០២១នេះ ក្នុងការចុះត្រួតពិនិត្យមើលទីតាំងសំខាន់ៗមួយចំនួន ដែលបន្សល់ទុក នូវស្លាកស្នាមដានប្រវត្តិសាស្ត្រពីអតីតរបបខ្មែរក្រហមក្នុងអំឡុងមុនពេលបញ្ចប់សង្គ្រាម និងការធ្វើសមាហរណកម្មរបស់បងប្អូនកងទ័ពខ្មែរក្រហមនិងបានផ្តាច់ខ្លួនចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ក្នុងអំឡុងឆ្នាំ១៩៩៦ ក្រោមគោលនយោឈ្នះ ឈ្នះ របស៎សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់កន្លងមករហូតទាល់តែបញ្ចប់សង្គ្រាមទាំងស្រុង ដោយគ្មានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរបន្តទៀត និងធ្វើឲ្យរបបយោធាខ្មែរក្រហមរលំរលាយទាំងស្រុងដើម្បីវិលមករួមរស់ក្នុងសង្គមជាតិតែមួយក្រោមម្លប់នៃសុខសន្តិភាព ដោយគ្មានអ្នកចាញ់និងគ្មានអ្នកឈ្នះ។

តាមរយៈ នៃដំណើរចុះសួរសុខទុក្ខដល់កងកម្លាំងឈរជើងជួរមុខនៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនេះ។ សម្តេច ពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការដឹកនាំនូវកិច្ចប្រជុំពិភាក្សា ជាមួយនិងថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗក្នុងខេត្ត។ ក្នុងនោះក៏មានវត្តមាន ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រួមទាំងថ្នាក់ដឹកនាំនៃកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ទាំងថ្នាក់ភូមិភាគ ថ្នាក់កងពល និងអាជ្ញាធរស្រុក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធសំខាន់ៗ មួយចំនួនទៀត។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការណែនាំនិងបានជម្រុញដល់អាជ្ញាធរខេត្តបាត់ដំបងនិងបណ្តាអង្គភាពនៃកងកម្លាំងពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញនិងរួមគ្នាធ្វើការសិក្សាលម្អិតបន្ថែមនូវទិដ្ឋភាពរួម ទាំងផ្នែកច្បាប់ ទាំងការកំណត់ទីតាំងជាក់ស្តែង ការកំណត់នូវប្លង់មេជាក់លាក់ ព្រមទាំងទីកន្លែងផ្សេងៗទៀតមួយចំនួន។ជាពិសេស ដំណោះស្រាយផលប៉ះពាល់ និង ដើម្បីធ្វើការពិចារណា ក្នុងការរៀបចំនូវទីតាំងទាំងនោះឲ្យប្រែក្លាយទៅជា ” តំបន់ប្រវត្តិសាស្ត្រយោធា តេជោភ្នំ៣២ “ដែលស្ថិតក្នុងស្រុកសំពៅលូន របស់ខេត្តបាត់ដំបង ឲ្យលេចចេញជារូបរាង នៅពេលខាងមុខនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ខមន្ត្រីក្រសួងការពារជាតិ ក៏បានថ្លែងដោយសង្កត់ធ្ងន់នូវគោលបំណងដើម្បីជាចំណងដៃនៃប្រវត្តិសាស្ត្រក្នុងការដាក់ចេញ នូវ គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោយបញ្ចប់បាននូវសង្គ្រាមទាំងស្រុងក្នុងប្រវត្តិសាស្រ្តនៃប្រជាជាតិខ្មែរទាំងមូល នូវក្នុងរយៈពេលជាង២០ឆ្នាំមកនេះ និងដើម្បីតបស្នងនូវគុណូបក្ការៈរបស់សម្តេចតេជា ហ៊ុនសែន ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរណ៍ប្រជាជនកម្ពុជាយើងរស់នៅក្រោមម្លប់សុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ។ ជាមួយគ្នានេះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំពាវនាវដល់សប្បុរសជននៅទីនេះ សូមឲ្យមានការចូលរួមនិងគាំទ្រដល់ក្រុមការងារប្រវត្តិសាស្ត្រនៅទីនេះឲ្យទទួលបានជោគជ័យផ្លៃផ្កានៅថ្ងៃខាងមុខនេះ៕