បើស្រវឹងកុំបើកបរ! បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រា ជិះម៉ូតូធ្លាក់ចូលលូ ស្លាប់យ៉ាងអាណោចអាធ័ម

បុរសអាយុ៦៤ឆ្នាំ១នាក់ ស្រវឹងស្រាជិះម៉តូធ្លាក់ចូលលូស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ ជនរងគ្រោះមានឈ្មោះឈ្មោះ សេវ ភួង ភេទប្រុសអាយុ ៦៤ឆ្នាំ ជនជាតិដើមភាគតិចារ៉ាយ មានទីលំនៅភូមិសោមគល់ឃុំសោមធំ ស្រុកអូរយ៉ាដាវខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបានអោយដឹងថា ជនរងគ្រោះបានបាត់ខ្លួន តាំងថ្ងៃទី០៥ ខែមីនាឆ្នាំ២០២១។ សពជនរងគ្រោះត្រូវបានប្រជាពលរដ្ឋឈ្មោះ ក្លាន ពើល និងឈ្មោះ ក្លាន តយ ប្រទះឃើញនៅវេលាម៉ោង១៦និង៣៥នាទី ថ្ងៃទី៦ ខែមីនាឆ្នាំ២០២១ ចំណុចផ្លូវលំចូលទំនប់វាលពោលមុខចំការលោក ជា ភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ រួចក៏បានរាយការណ៍ទៅកម្លាំងជំនាញនៃអធិការនគរបាល ស្រុកអូរយ៉ាដាវដឹកនាំដោយ លោក ងយ ដន និងលោកគង់ សុភី អធិការរងស្រុក បានចុះ ទៅដល់ចំណុចកន្លែងកើតហេតុ និងបានពិនិត្យសាកសពឃើញសាកសពបានធ្លាក់ចូលលូមុខចំការតាជា ។

របាយការណ៍ខាងលើបញ្ជាក់ថាមុនកើតហេតុមួយថ្ងៃជនរងគ្រោះបានផឹកស្រានៅផ្ទះឈ្មោះ ហ៉ឹម នៅទំនប់វាលពោល ស្រវឹងហើយជិះម៉ូតូត្រឡប់ទៅផ្ទះវិញរួចក៏ធ្លាក់ចូលលូទាំងមនុស្យនិងម៉ូតូ។

នៅកន្លែងកើតហេតុមានវត្ថុតាងដូចជា៖

១/ម៉ូតូ១គ្រឿងម៉ាក់វ៉ែវ

២/កាំបិត១

៣/ដបស្រាចំនុះ០,៥០លិត្រ១ដប

៤/ដបទឹកសុទ្ធចំនុះ១,៥០ មួយដប។

បន្ទាប់ពីធ្វើកោសល្យវិច្ច័យសមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកអូរយ៉ាដាវអាចសន្និដ្ឋានបានថា ជនរងគ្រោះស្រវឹងស្រា ហើយបានជិះម៉ូតូត្រឡប់ទៅ ផ្ទះវិញក៏ធ្លាក់ទាំងជនរងគ្រោះនិងម៉ូតូចូលក្នុងលូ ម៉ូតូសង្កត់ក្នុងទឹកជ្រៅស្លាប់តែម្តង។

សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕