បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ដោយឆ្លងចរន្តអគ្គិសនី

កណ្តាល÷ ថ្ងៃទី០៧.០៣.២០២១ វេលាម៉ោង ១៨:៤០នាទី ចំណុចរណ្ដៅដីក្បែរផ្ទះជនរងគ្រោះ ភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ អេង លឹមហៀង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ មានទីលំនៅភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ វត្ថុតាងចាប់យក÷
១.ក្បាលម៉ូទ័របូមទឹក (ទម្លាក់ក្នុងទឹក) ចំនួន០១គ្រឿង។
២.ខ្សែភ្លើងពណ៌សទំហំ ២×២.៥ ប្រវែង៦៥ម៉ែត្រ ចំនួន០១ខ្សែ។
សភាពនៃរឿងហេតុ÷ តាមការបំភ្លឺរបស់ឈ្មោះ ឌិន សុខឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ត្រូវជាបងថ្លៃជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចយើងថា÷ មុនពេលកើតហេតុបានឃើញជនរងគ្រោះឈ្មោះ អេង លឹមហៀង អង្គុយនៅលើគ្រែក្រោមផ្ទះរបស់ខ្លួន លុះវេលាម៉ោង ១៨:០០នាទី ខ្លួនក៏ទៅស្រោចដំណាំនៅក្រោយផ្ទះ មួយសន្ទុះក្រោយមកក៏បានឮសម្លេងជនរងគ្រោះ (ប្អូនថ្លៃ) ស្រែកថា÷ អូយ ភ្លាមនោះខ្លួនក៏បានរត់ទៅមើល ឃើញជនរងគ្រោះកំពុងប្រកាច់នៅក្នុងទឹក ដោយឃើញមានម៉ូទ័របូមទឹកនៅជាមួយខ្លួន ក៏បានរត់ទៅដកឌុយភ្លើងចេញពីព្រី ហើយក៏ស្រែកហៅបងប្អូនឲ្យជួយ ពេលនោះបងប្អូនក៏បាននាំគ្នាទៅលើកជនរងគ្រោះឡើងពីទឹកយកទៅផ្ទះ។ ដោយក្រុមគ្រួសារជនរងគ្រោះមិនអស់ចិត្ត បាននាំគ្នាដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ក្រុមគ្រួសារថា÷ ជនរងគ្រោះបានស្លាប់បាត់ហើយ។ បន្ទាប់មកក្រុមគ្រួសារបានដឹកសពជនរងគ្រោះមកផ្ទះវិញ ពេលមកដល់ផ្ទះ ក្រុមគ្រួសារជនរងគ្រោះមិនអស់ចិត្ត ក៏បានយកសពជនរងគ្រោះទៅកប់នឹងដីខ្សាច់សើមបន្តទៀត ហើយក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ និងគ្រូពេទ្យឃុំ បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសពជនរងគ្រោះ។
ជាលទ្ធផលតាមការពិនិត្យរបស់ផ្នែកជំនាញ÷
១.មានស្នាមខ្លោចនៅលើទ្រូងប្រវែង៤ សង់ទីម៉ែត្រ ចំនួន ០១កន្លែង ក្រៅពីនោះមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ការសន្និដ្ឋានរបស់គ្រូពេទ្យ ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនីពិតប្រាកដមែន។
សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕