ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនមានតម្លៃ 8.118ពាន់លានដុល្លារក្នុងឆ្នាំ2020 ធ្លាក់ចុះ 5,2% បើប្រៀបធៀបនឹងឆ្នាំមុន

ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញទំនិញមានចំនួនទឹកប្រាក់ 1.086 ពាន់លានដុល្លារទៅកាន់ប្រទេសចិនកាលពីឆ្នាំ 2020 ដែលបានកើនឡើង 8.1% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2019 ដែលមានចំនួនតែ 1.004ពាន់លានដុល្លារប៉ុណ្ណោះ។ ការនាំចូលរបស់កម្ពុជាពីឆ្នាំពីប្រទេសចិនមានតម្លៃ 7.031ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះ 6.9% បើប្រៀបធៀបនឹងតួលេខឆ្នាំ2019 ។ ការថយចុះនៃការនាំចូលរបស់ចិន គឺបណ្តាលមកពីការថយចុះនៃវត្ថុធាតុដើម សម្រាប់រោងចក្រកាត់ដេរនៅកម្ពុជា ដោយសារតែវិធានការចាក់សោរ ឬវិធានការបង្ការមេរោគ ដែលមានចែងក្នុងវិធានការការពារជំងឺកូវីដ-19 ។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ការនាំទំនិញកម្ពុជាទៅកាន់ប្រទេសចិនកាលពីឆ្នាំ2020 កន្លងទៅនេះបានល្អប្រសើរ ដោយសារប្រទេសចិនទិញផលិតផលកសិកម្មច្រើនពីកម្ពុជា ធ្វើឱ្យកម្ពុជាជាប្រទេសផលិតវត្ថុធាតុដើមមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំចេញទៅក្រៅប្រទេស។