សម្តេចតេជោប្រកាសបិទមណ្ឌលចត្តាឡីស័ក នៅតាមព្រំដែនថៃ ហើយពលករទាំងអស់ ត្រូវបញ្ជូន​ទៅធ្វើចត្តាឡីស័ក តាមខេត្តស្រុកកំណើត

(ភ្នំពេញ)៖ ដោយសារតែស្ថានភាព​ឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃ ធូរស្បើយ​ ហើយនៅតាមមណ្ឌលចត្តាឡីស័ក​នានាតាមខេត្តព្រំដែនថៃ រួមទាំង​ពលករខ្មែរ មកពីថៃ ក៏ពិនិត្យលែងរកឃើញកើតជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃអាទិត្យ ទី៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសសម្រេចបិទមណ្ឌលចត្តាឡីស័ក នៅតាមព្រំដែនថៃទាំងអស់​។ ពោលគឺ​ពលករខ្មែរ ដែលធ្វើដំណើរ​ចូលមកពីថៃ គឺចាប់ពីថ្ងៃអាទិត្យ ទី៧ ខែមីនា ត្រូវដឹកតាមឡានកងទ័ព ចេញពីព្រំដែន ឆ្ពោះទៅកាន់ខេត្តរាជធានី ដែលជាស្រុកកំណើតតែម្តង​។

ដដោយឡែកពលករ ដែលកំពុងស្ថិតនៅតាមមណ្ឌលចត្តាឡីស័ក តាមព្រំដែន ក៏ត្រូវដឹកជញ្ជូន​ទៅកាន់ខេត្តរាជធានី ជាស្រុកកំណើតរបស់ពលករនីមួយៗ ចាប់ពីថ្ងៃចន្ទ ទី៨ ខែមីនានេះ។

ក្នុងសារជាសំឡេង កាលពីថ្ងៃអាទិត្យ ទី៧មីនា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចដូច្នេះ ដោយសារតែកំណើន​ពលករខ្មែរ មកពីថៃ កើនឡើង​ខ្លាំង នាំ​ឲ្យលំបាក​ក្នុងការផ្គត់ផ្គង់​អាហារ​ តាមមណ្ឌលចត្តាឡីស័ក នៅតាមព្រំដែន​។

​ចំពោះ​ការដឹកជញ្ជូន​ពលករខ្មែរ ពីព្រំដែនថៃ ទៅកាន់ស្រុកកំណើត ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសណែនាំឲ្យអាជ្ញាធរសមត្ថកិច្ច ដាច់ខាត ត្រូវតែយកចិត្តដាក់លើសុខទុក្ខរបស់ពួកគាត់ និងមានសណ្តាប់ធ្នាប់ល្អបំផុត។ ពោលគឺការដឹកជញ្ជូនត្រូវមានរបៀបរៀបរយ សណ្តាប់ធ្នាប់ និងត្រូវ​មានសុវត្ថិភាព។

សម្តេចតេជោ បញ្ជាក់ថា ការដឹកជញ្ជូនពលករខ្មែរពីព្រំដែន​ថៃ ត្រូវធ្វើឡើងនៅពេលព្រឹក ឬនៅពេលរសៀល ពោលគឺមុនពួកគាត់​ឡើងឡាន ត្រូវឲ្យពួកគាត់ទទួលទានអាហារពេលព្រឹក ឬក៏ពេលថ្ងៃ​ឲ្យរួចរាល់។ ហាមដឹកជញ្ជូន​នៅពេលយប់​។ ក្រៅពីនោះ ក៏ត្រូវផ្គត់ផ្គង់​ពួកគាត់ជាអាហារ ឬ​មី​ ជាដើម ជូនពួកគាត់ថែមទៀត។

សម្តេចគូសបញ្ជាក់ថា នៅពេលដឹកជញ្ជូនពួកគាត់ ទៅដល់ទីរួមខេត្តហើយ ត្រូវពិនិត្យ​មើល បើមានអ្នកសង្ស័យ​ ឬមានអាការៈក្តៅខ្លួន ជាដើម ត្រូវទុកគាត់​នៅទីរួមខេត្ត ធ្វើចត្តាឡីស័ក និង​ពិនិត្យតាមដានសុខភាពគាត់ ហើយអ្នកដែលមិនមានបញ្ហាអ្វី ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមូលដ្ឋាន​។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជារឹតបន្តឹង​ការឆ្លងដែន​របស់ពលករខ្មែរ ឆ្លងដែនមកពីថៃ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្នុងពេលថៃ ផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍​។

ជាបន្តបន្ទាប់ ពលករខ្មែរ ត្រូវបាន​ពិនិត្យរកឃើញឆ្លងកូវីដ១៩ ដែលសរុបមកដល់ពេលនេះ មាន ៩០នាក់ហើយ។ ក៏ប៉ុន្តែ​មានអ្នកជាសះស្បើយ ជាបន្តបន្ទាប់ ហើយ​កាលពីសប្តាហ៍មុន គឺពលករ​ខ្មែរ ឆ្លងដែនមកពីថៃ ចុងក្រោយគេ ២នាក់ បានជាសះស្បើយ​ ក្នុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ តាមព្រំដែន​ថៃ​៕