អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាបវង់ល្បែងស៊ីសងមួយកន្លែង និងឃាត់ខ្លួនជនញៀនល្បែង ១១នាក់

(ពោធិ៍សាត់)៖ វង់ល្បែងស៊ីសង (បៀរ អាប៉ោង) មួយកន្លែង ត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការសម្របសម្រួលពី ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងពាក់ព័ន្ធ ចុះបង្ក្រាបឃាត់ខ្លួនមេអាប៉ោង និងក្រុមញៀនអាប៉ោង បានចំនួន១១នាក់ ក្នុងនោះស្រី២នាក់ និង៦នាក់ទៀតរត់រួច។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនាវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ជនញៀនល្បែងទាំង១១នាក់ ត្រូវបានបញ្ជូនបន្តមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើកិច្ចសន្យាអប់រំ និងធានាឱ្យត្រឡប់ទៅផ្ទះវិញ។

សូមរំលឹកថា កន្លងមកឯកឧត្តម ម៉ៅ ធនិន តែងតែបានខិតខំក្នុងការបង្ក្រាបបទល្មើសទាំងថ្ងៃ ទាំងយប់ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើសពីនេះ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន តែងតែប្រឹងប្រែងជួយសម្របសម្រួល ដោះស្រាយរាល់ទុក្ខលំបាក បញ្ហាប្រឈម របស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាឧស្សាហ៍ចែកអំណោយ ជូនដល់ជនចាស់ជរា គ្រួសារក្រីក្រជានិច្ច។ កត្តាទាំងនេះហើយដែលឯកឧត្តម ម៉ៅ ធនិន ត្រូវបានប្រជាពលរដ្ឋចាត់ទុករូប ជាលោកឪពុកដ៏ល្អ និងជាថ្នាក់ដឹកនាំខេត្ត ប្រកបដោយគុណធម៏ គួរជាទីគោរព ដែលពុំអាចកាត់ថ្លៃបាន៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់