ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូប្រជាពលរដ្ឋ

រាជធានីភ្នំពេញ÷ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២ម៉០០នាទី នៅចំណុចមុខឃ្លាំងស័ង្កសី ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ សយ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ យិន ហួង ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៦c ផ្លូវ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់ស័ង្កសី ។ សម្ភារៈជនរងគ្រោះឈ្មោះ យិន ហួង ដែលបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាក ប៊ីតពណ៌ ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ១HS-៦៩៧០ និងប័ណ្ណសម្គាល់យានយន្ត (ម៉ូតូរបស់ជនរងគ្រោះ) ចំនួន០១សន្លឹក ។ វត្ថុតាងចាប់យក៖ -ម៉ូតូ ០១ គ្រឿងម៉ាក ស្កូបពី ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពត ១P-៩៣២០ លេខម៉ាស៊ីន+តួ=៥០០០២២៣ (ជាមធ្យោបាយរបស់ជនសង្ស័យ) ។

ហេតុការណ៍៖ កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១២ម៉០០នាទី ជនរងគ្រោះបានជិះម៉ូតូ ០១ គ្រឿងម៉ាក ប៊ីត ពណ៌ ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ ១HS-៦៩៧០ (មានទុកប័ណ្ណសម្គាល់យាន្តយន្តនៅក្រោមកែបម៉ូតូ) យកមកចតទុកនៅមុខឃ្លាំងស្តុកស័ង្កសី ផ្លូវបេតុង ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ដោយទុកកូនសោរម៉ូតូនៅក្នុងកន្ត្រកម៉ូតូខាងមុខ រួចចូលទៅហូបបាយក្នុងបន្ទប់ទៅក្នុងពេលនោះជនសង្ស័យ ០២ នាក់ឈ្មោះ សយ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ និងឈ្មោះ ហេង ភេទប្រុស អាយុ ២៦ឆ្នាំជិះម៉ូតូ ០១ គ្រឿងម៉ាក ស្កូបពី ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពត ១P-៩៣២០ (ដោយជនសង្ស័យឈ្មោះ សយ សំណាង ជាអ្នកចាំម៉ូតូឈរមើលផ្លូវ) ចំណែកជនសង្ស័យឈ្មោះ ហេង បានចូលទៅធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ ទន្ទឹមនោះជនរងគ្រោះបានស្រែកឆោឡោឡើងកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សយ សំណាង យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង ០១ នាក់ឈ្មោះ យិន សំណាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕