រដ្ឋបាលស្រុកពួក សម្រេចផ្អាកដំណើរការសាលារៀនក្នុងស្រុក ចំនួន ១៩កន្លែង រយ:ពេល២សប្តាហ៍

នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ សាលារៀនមួយចំនួន ១៩កន្លែង ស្ថិតក្នុងឃុំចំនួន៤ នៃស្រុកពួក ខេត្តសៀមរាប ត្រូវបានផ្អាកជាបណ្ដោះអាសន្ន រយ:ពេល ២សប្ដាហ៍ នេះបើតាមលិខិតមួយច្បាប់របស់ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកពួក។

លិខិតដដែល បង្ហាញថា សាលារៀនដែលផ្អាកដំណើរការទាំងនោះ រួមមាន៖ ឃុំខ្នាត ចំនួន ៦សាលារៀន, ឃុំពួក ចំនួន ៥សាលារៀន, ឃុំសំរោយា ចំនួន ៣សាលារៀន, និងឃុំកែវពណ៌ ចំនួន៥សាលារៀន។

ការសម្រេចផ្អាកនេះ យោងទៅតាមការពិភាក្សាជាមួយលោកអភិបាល នៃគណ:អភិបាលស្រុក ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នាពេលបច្ចុប្បន្ន។

គួរជម្រាបថា ការផ្អាកដំណើរការសាលារៀន នៅក្នុងឃុំចំនួន០៤ ក្នុងស្រុកពួក ខាងលើ ស្របពេលរដ្ឋបាលខេត្តសៀមរាប បានណែនាំដល់ អាជ្ញាធរនៅតាមបណ្ដាស្រុកមួយចំនួននៅតាមចំណុចព្រំប្រទល់ខេត្ត រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដែលអាចមានហានិភ័យនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕