រយៈពេល ០៣ថ្ងៃ មានពលករខ្មែរជាង ៧០០នាក់ ដែលបានធ្វើចត្តាឡីស័ក នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ត្រូវបានផ្ទេរមកកាន់ខេត្តសៀមរាប

បន្ទាប់ពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ដែលសម្ដេចតេជោ បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យលើសភាពការណ៍នៅក្នុងព្រះរាជាណាចក្រថៃ គឺសម្ដេចសម្រេចបិទការធ្វើចត្តាឡីស័កនៅតាមព្រំដែនសម្រាប់អ្នកដែលមានសុខភាពធម្មតា ប៉ុន្តែនឹងត្រូវបន្តឲ្យមានការធ្វើចត្តាឡីស័កចំពោះអ្នកដែលមានការសង្ស័យ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ ទៅទទួលយកបងប្អូនពលករខ្មែរមានលំនៅដ្ឋានក្នុងខេត្តសៀមរាប ដែលកំពុងធ្វើចត្ដាឡីស័កនៅតាមបណ្ដាខេត្ដជាប់ព្រំដែនប្រទេសថៃ យកមកធ្វើចត្តាឡីស័កបន្ត នៅមណ្ឌលចត្តាឡីស័កក្នុងខេត្តសៀមរាប ដែលគិតមកទល់រសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ មានចំនួន មានចំនួន៧២៥នាក់ ។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី០៩ខែមីនានេះ ខេត្ដសៀមរាប ទទួលបានពលករដែលបានដឹកចេញពីកន្លែងចត្ដាឡីស័កតាមព្រំដែនខ្មែរថៃ មានចំនួនសរុបមាន៧២៥នាក់ ក្នុងនោះពលករចំនួន ៣២៤នាក់ បានដឹកតាមរថយន្តយោធាចំនួន១៧គ្រឿង និង រថយន្តមកពីខេត្តឧត្តរមានជ័យ ០៤គ្រឿង ដឹកដោយកងពលតូចដឹកជញ្ជូនលេខ៩៩ ចេញពីតំបន់ធ្វើចត្ដាឡីស័កតាមព្រំដែនខ្មែរ ថៃ ក្នុងខេត្ដបន្ទាយមានជ័យ ខេត្ដបាត់ដំបង និងខេត្ដប៉ៃលិន និងចំនួនជាង៤០១នាក់ទៀត បានដឹកចេញពីចត្ដាឡីស័ក នៅតាមព្រំដែនកម្ពុជា ថៃ នៃខេត្ដឧត្ដរមានជ័យ បានដឹកមកដល់មណ្ឌលចត្ដាឡីស័កខេត្ដសៀមរាប ដោយសុវត្ថិភាព ។

លោកស្រីមានប្រសាសន៍បន្ថែមថា ពលករដែលបានដឹកមកខេត្ដសៀមរាប នឹងត្រូវធ្វើតេស្តពិនិត្យសុខភាពម្ដងទៀត ហើយបើសុខភាពគាត់គ្មានបញ្ហាទេ នឹងត្រូវបញ្ជូនទៅកាន់មូលដ្ឋានស្រុករបស់ពួកគាត់ ដើម្បីធ្វើចត្ដាឡីស័កបន្តឲ្យគ្រប់រយៈពេល១៤ថ្ងៃ ប៉ុន្ដែសម្រាប់អ្នកទើបឆ្លងដែន មិនបានធ្វើចត្ដាឡីស័កនៅព្រំដែននៃខេត្ដទាំងនោះ ពួកគាត់នឹងត្រូវធ្វើចត្ដាឡីស័ក នៅមណ្ឌលចត្ដាឡីស័កក្នុងខេត្ដសៀមរាបនេះតែម្ដង គឺនៅសាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្ត ។

លោកស្រីអភិបាលរងខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា មានបញ្ហាប្រឈមមួយចំនួន ក្នុងការផ្គត់ផ្គង់ដល់ពលករ ដោយរយៈពេលកន្លងមករាជរដ្ឋាភិបាលបានផ្តល់ថវិកាទ្រទ្រង់តែតាមបណ្តាខេត្តជួរមុខ តែពេលនេះ ពលករដែលមកពីក្រៅប្រទេស មានចំនួនច្រើនលើសលប់ ដែលធ្វើឲ្យការផ្គត់ផ្គង់អាហារមិនបានទាន់ពេលវេលា ធ្វើឲ្យបងប្អូនពលករមានការរអ៊ូរទាំ សំខាន់កុមារតូចៗ ស្រែកយំទារកអាហារ ។

ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមទទូច និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ , ៣កុំ ចូលរួម ស្កេនQRCode ឲ្យបានខ្ជាប់ខ្ជួន និងចូលរួមស្ម័គ្រចិត្តយកសំណាក ក្នុងករណីបងប្អូនទើបតែមក ឬពាក់ព័ន្ធនឹងកន្លែងដែលមានហានិភ័យ ដែលក្រសួងសុខាភិបាល បានប្រកាសកន្លងមក ក្នុងនោះសូមម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន ហាងទំនិញ ផ្សារ សូមចុះឈ្មោះស្នើសុំ QR Code ដើម្បីចូលរួមចំណែក បង្ការ ទប់ស្កាត់ និង ងាយស្រួលស្រាវរកអ្នកមានពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ។

សូមបញ្ជាក់ថា ៣ការពារ រួមមាន ៖ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គមនិងបុគ្គល និង៣កុំ រួមមាន ៖ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់ កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំឱបគ្នាជាដើម ពីព្រោះថា យើងអាចភ្លេចកូវិដបាន តែកូវីដមិនភ្លេចយើងឡើយ ៕