សម្តេចតេជោ សម្រេចលើកលែងចំពោះជនមូស្លីម ដែលស្លាប់ដោយកូវីដ អាចបញ្ចុះសពបាន តាមការស្នើសុំរបស់សាសនិកឥស្លាម

តាមរយៈការស្នើសុំរបស់សាសនិកឥស្លាមកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចលើកលែងចំពោះជនមូស្លីម ដែលស្លាប់ដោយជំងឺកូវីដ១៩ នៅកម្ពុជា ដោយអាចបញ្ចុះសពបាន ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសណែនាំដល់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ ឲ្យរៀបចំ កំណត់ករណីលើកលែងនេះ នៅក្នុងអនុក្រឹត្យ ដែលសម្តេច បានណែនាំ ឲ្យរៀបចំកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ។

ក្នុងសារជាសំឡេង នៅល្ងាចថ្ងៃទី១០ មីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសណែនាំដល់បងប្អូនមូស្លីមនៅកម្ពុជា ត្រូវរៀបចំ ការបញ្ចុះសពអ្នកស្លាប់ដោយកូវីដ-១៩ ប្រសិនបើមាន ដោយគោរព តាមវិធានសុខាភិបាល ហើយមិនត្រូវកប់ពាសវាលពាសកាលនោះទេ ។

គួររម្លឹកថា ក្នុងសារជាសំឡេង កាលពីរសៀលថ្ងៃទី៩ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើសិនជាមានអ្នកជំងឺកូវីដ១៩ ណាម្នាក់ ស្លាប់ នៅកម្ពុជាយើង នោះត្រូវយកទៅបូជា ដោយមិន កប់សពនោះទេ បើទោះបីជាខុសនឹងទំនៀមទម្លាប់របស់ជនជាតិខ្លះក៏ដោយ ៕