ជាករណីលើកដំបូងនៅប្រទេសកម្ពុជា ដែលមានជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩

តាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល ស្តីពីអ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ីបានទទួលមរណភាព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។

អ្នកស្លាប់ដោយសារកូវីដ១៩នេះជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ និងជាអ្នកបើកបរឲ្យជនជាតិចិន ហើយពាក់ព័ន្ធនឹងក្លឹប N8។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា សពរបស់អ្នកកើតជំងឺកូវីដ-១៩នេះ មិនអាចរក្សាទុកបានយូរនោះទេ ពោលនឹងត្រូវរៀបចំបូជាតាមអ្វីដែលជាការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាល នាពេលថ្មីៗនេះ។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសព័ត៌មាន ជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០៖៤០នាទីព្រឹក មានបុរសជនជាតិខ្មែរម្នាក់ អាយុ៥០ឆ្នាំ បានទទួលមរណៈភាពដោយ សារជំងឺកូវីដ-១៩នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលជាករណីស្លាប់លើកទី១នៅកម្ពុជា។

សព មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សពនេះ ត្រូវបានរកឃើញថាមានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕