ប្រធាន UN អបអរសាទរលោក ស៊ី ជីនពីង ចំពោះជោគជ័យរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ

Xinhua៖ កាលពីពេលថ្មីៗនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានសំដែងការអបអរសាទរចំពោះប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្នុងឱកាសដែលប្រទេសចិនបានប្រកាសពីជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រខ្លាំង។ នេះយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua កាលពីយប់ថ្ងៃអង្គារ៍ ទី០៩ មីនា ឆ្នាំ២០២១ម្សិលមិញនេះ។

លោក Guterres បានមានប្រសាសន៍ថា <<ខ្ញុំសូមសំដែងការអបអរសាទរដ៏ស្មោះបំផុតចំពោះរដ្ឋាភិបាលរបស់អ្នក និងខ្លួនអ្នកផ្ទាល់។>>

លោកអគ្គលេខាធិការបានមានប្រសាសន៍បន្តថា <<នេះគឺជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយនិងជាការចូលរួមចំណែកដ៏សំខាន់ក្នុងការសម្រេចគោលដៅពិភពលោកដែលកាន់តែមានភាពល្អប្រសើរ និងរីកចម្រើនជាងមុន ដូចផែនការដែលបានគ្រោងទុកក្នុងរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។>>

លោក Guterres បានបន្ថែមថា <<លទ្ធផលដ៏អស្ចារ្យនេះ គឺជាហេតុផលសម្រាប់ក្តីសង្ឃឹមនិងការជម្រុញដល់សហគមន៍នៃប្រជាជាតិទាំងអស់។>>

លើសពីនេះ លោកក៏បានគូសបញ្ជាក់ផងដែរថា <<វាបានបង្ហាញពីសារៈសំខាន់នៃការប្តេជ្ញាចិត្តប្រកបដោយនយោបាយនៅគ្រប់កម្រិតទាំងអស់នៃរដ្ឋាភិបាល និងស្ថេរភាពគោលនយោបាយដើម្បីធ្វើឱ្យមានភាពល្អប្រសើរឡើងនូវលក្ខខណ្ឌនៃអ្នកក្រីក្រនិងជនដែលងាយរងគ្រោះបំផុត។>>

ជាងនេះទៅទៀត លោកអគ្គលេខាធិការបានលើកឡើងបន្ថែមថា <<វាក៏បង្ហាញពីឱកាសនៃគំរូក្នុងការអភិវឌ្ឍន៍ដែលត្រូវបានជម្រុញដោយការច្នៃប្រឌិត បរិស្ថាន ការបើកចំហ និងអ្វីដែលនឹងធ្វើការដើម្បីផ្តល់ឲ្យអ្នកទាំងអស់គ្នា។>>

ជាចុងក្រោយ លោក Guterres បានបង្ហាញនូវជំនឿចិត្តថា <<ប្រទេសចិននឹងបន្តមានភាពជឿនលឿនទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដោយមិនទុកនរណាម្នាក់ចោលឡើយ។>> ៕