ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូសន្ដោងរម៉ក់ បណ្ដាលអោយបាត់បង់ជីវិតមនុស្សម្នាក់

នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៤: ៥០ នាទីល្ងាច នៅចំណុចផ្លូវជាតិលេខ៧៨ ចំណុចបង្គោលលេខ ១០៦ និង ១០៧ ក្នុងភូមិតាកាប់ហន ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើង រវាងម៉ូតូសង់០១៩ និងម៉ូតូសន្ដោងរម៉ក ដែលបើកបរក្នុងទិសដៅបញ្រ្ជាស់គ្នា ។

តាមរបាយការណ៍របស់អធិការដ្ឋានស្រុកកូនមុំបានអោយដឹងថា អ្នកបើកបរសង់ ០១៩ ពណ៌ខ្មៅពាក់ស្លាក់លេខ (ត្បូងឃ្មុំ 1B-8046) បើកបរដោយឈ្មោះ ហែម ចិន្ត្រា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំខេត្តរតនគិរី ។ រងរបួសធ្ងន់ បាក់ជើងទាំង ២ ក្រោយពីបានបញ្ជូនទៅដល់មន្ទីរពេទ្យបានស្លាប់។

រីឯអ្នកបើកបរម៉ូតូរម៉ក ទ្រីម៩៩ ពណ៌ក្រហមពាក់ស្លាក់លេខ សៀមរាប 1B- 5194 បើកបរដោយឈ្មោះ ឈិន ផល្លា ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ សារ៉ងចង ឃុំអូរជុំ ស្រុក អូរជុំ ខេត្តរតនគិរី រងរបួសស្រាល។ចំណែកម៉ូតូទាំងពីរនៅកន្លែងកើតហេតុ មានសភាពខូចខ្ទេចខ្លាំង កំម្លាំងប៉ុស្តិ៍បានសហការណ៍ជាមួយមន្រ្ដីជំនាញធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះតាមរថយន្ត សង្គ្រោះរបស់ស្នងការនគរបាលខេត្តរតនគិរី យកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកម៉ូតូត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាអង ដើម្បីធ្វើការដោះស្រាយ។

យ៉ាងណាមិញមូលហេតុដែលបង្កអោយមានគ្រោះថ្នាក់នេះកើតឡើងយើងមិនទាន់បានដឹងច្បាស់នៅឡើយទេ ៕