ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យចំនួន ៤០មុឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា

ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​​​វររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព​ សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្នុងព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះបញ្ហាប្រឈមនៃជំងឺកូវីត១៩ កំពុងកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានដ៏វិសេសវិសាលនូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ៤០មុឺនដុល្លារសហរដ្ឋអាមេរិក (ព្រះករុណា ព្រះមហាក្សត្រ ចំនួន ២០មុឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ចំនួន ២០មុឺនដុល្លារ) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19 ដែលទាំងអស់នេះគឺក្រោមព្រះរាជតម្រិៈដង្ហែតាមជានិច្ចចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះវិស័យសុខាភិបាល ជាពិសេសបញ្ហាសុខភាពរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ដោយបានកសាងនូវព្រះរាជសមិទ្ធផលជាច្រើនបម្រើឲ្យវិស័យសុខាភិបាលនៅទូទាំងព្រះរាជាណាចក្រមានភាពល្អប្រសើរឡើង និងត្រូវបានប្រជានុរាស្រ្តថ្វាយព្រះបរមនាមថា ព្រះវររាជបិតាសុខាភិបាលជាតិ ។

គួរបញ្ចាក់ផងដែរថា នេះជាលើកទី៤ហើយ ដែលព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានជាព្រះរាជទ្រព្យផ្ទាល់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីត១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសរុបទាំង៤លើក មានចំនួន ៣,៧០០,០០០ ដុល្លារសហរដ្ឋអាមេរិក៕