ប្រេីពាក្យសំដីឌឺដង​ ដៀមដាមដាក់គ្នាតាមបណ្តាញសង្គមTik Tok មិនអស់ចិត្ត​ ក៏បេីកការ​ប្រយុទ្ធគ្នាលេីដងផ្លូវ​ ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់​ខ្លួនចំនួន១៥នាក់បញ្ជូនទៅតុលាការ

បាត់ដំបង៖ អនុវត្តន៍​តាម​បទបញ្ជារបស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជាយោបល់របស់​ លោក​វរសេនីយ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយមបាន​ការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូងខេត្តបាត់ដំបង ពីថ្ងៃទី ១២​ខែមីនា ឆ្នាំ២០​២១​វេ​លាម៉ោង ១០និង៣០ នាទី​ នៅមូល​ដ្ឋានស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាន​បាន​ដឹកនាំ​កម្លាំងការិយាល័យជំនាញរួមជាមួយ ក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​ សហការជាមួយកម្លាំងអធិការរដ្ឋាន​ នគរបាលស្រុកឯកភ្នំ​ដែលមានលោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ ជាអធិការនគរ​បា​លស្រុកបង្ក្រាបករណី​ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស​ (​ កាប់និងគប់លេីម៉ូតូ )​ចំនួន០១ ករណី ដែលកេីតឡេីងកាលពីថ្ងៃទី ១១ខែមីនាឆ្នាំ២០២​១​វេលាម៉ោង១៦និង២០ នាទី​នៅចំណុចមុខផ្ទះលក់​គ្រឿងសំណង់យីហោ​ រុន​ ម៉េង​ ក្នុងភូមិព្រែកតា​ច្រែង​ ឃុំព្រែកនរិន្ទស្រុកឯកភ្នំ​ ខេត្តបាត់ដំបង តែករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡេីយ​ ដោយខូចខាតតែម៉ូតូចំនួន០២គ្រឿងតែប៉ុណ្ណោះ។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចកម្លាំងបានធ្វើ​ការ នាំខ្លួនជនសង្ស័យចំនួន០២ ក្រុមមាន​គ្នា​ចំនួន​ ១៥​នាក់​ គឺក្រុម Boy Srerចំនួន ០៨នាក់​ នឹងក្រុម​ Boy Loy ចំនួន០៧ នាក់​ ។
វត្ថុតាងដកហូតរួមមាន ៖​
-​ ម៉ូតូម៉ាកហុងដាប៊ីត​ ពណ៌​ ខៀវ​ ស​ ពាក់ស្លាក លេខ​ បាត់ដំបង 1AK 7980 ចំនួន ០១គ្រឿង
-​ ម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ ២០១២ពាក់ស្លាកលេខ​ បាត់ដំបង 1N 8871​ ចំនួន​ ០១គ្រឿង​
-​ កាំបិតខ្វែវដងឬស្សី​ ប្រវែង ០១ម៉ែត្រ​ ចំ​នួន​ ០១ដើម
-​ ដុំឥដ្ឋចំនួន០២ដុំ

សូមជម្រាបជូនថា មូលហេតុដែលជនសង្ស័យចំនួនពីរក្រុមខាងលើនេះមានទំនាស់ជាមួយគ្នាគឺមកពី ការសរសេរខូមិន Comment ដៀមដាមឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គម Tik tok នាពេលកន្លងមក​ ហើយក៏ផ្តើមទៅជាសកម្មភាពជាក់ស្តែងនៅលើសមរភូមិដងផ្លូវក្នុងមូលដ្ឋានខាងលើតែម្តង។

បច្ចុប្បន្នការិយាល័យជំនាញកំពុង​កសាង​សំណុំ​រឿង​ ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕