មុខសញ្ញាចែកចាយ និងប្រើប្រាស់សាធាតុញៀន ០៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ស្រុកអង្គរបូរី៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃសុក្រ ១៤រោចខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣០នាទី​ លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុកអង្គរបូរី បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបូរី បានចុះបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់សាធាតុញៀន នៅចំណុចរោងចាំស្រែមាត់ស្ទឹងដែលគេទុកចោល ស្ថិតក្នុងភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ​ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ៖

•ទី១ឈ្មោះ សេង ភានិច ហៅខ្លាញ់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ

•ទី២ឈ្មោះ ផុន ចំណាន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ

•ទី៣ឈ្មោះ បាល់ ម៉ាប់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងបី មានទីលំនៅភូមិទួលសាំងខ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។

•ទី៤ឈ្មោះ ង៉ែត សុផានិត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។ ដកហូតវត្ថុតាងមួយចំនួនដូចខាងក្រោមៈ

– ម្សៅក្រាមពណ៌ស ចំនួន ០២កញ្ចប់តូច

– កាំភ្លើងកែច្នៃបាញ់គ្រាប់កង ចំនួន ០១ដើម

– ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង

– កាំបិតចំនួន ០២ដើមនិងឆាំស្រូវចំនួន ០១ដើម

– ថង់ប្លាស្ទិកសម្រាប់ច្រកសាធាតុញៀនចំនួន ០៨ថង់ ដែលប្រើប្រាស់សាធាតុញៀនអស់ និងសម្ភារៈសម្រាប់សេពសាធាតុញៀនមួយចំនួន ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីយកមកកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ៕