ក្រសួងសុខាភិបាល៖ បុរសជនជាតិខ្មែរម្នាក់នៅខេត្តព្រៃវែងបានស្លាប់ ដោយសារជំងឺស្ទះសរសៃឈាមបេះដូង មិនមែនដោយសារជំងឺកូវីដ១៩ទេ

(ព្រៃវែង)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា ករណីស្លាប់បុរសជនជាតិខ្មែរ អាយុ ៦៩ឆ្នាំ នៅខេត្តព្រៃវែង ពេលកំពុងព្យាបាលជំងឺកូវីដ១៩ គឺដោយសារជំងឺស្ទះសរសៃឈាមបេះដូង (Infarctus du Myocard)។

បើតាមក្រសួងសុខាភិបាល, យោងតាមការរាយការណ៍ពីមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៦៩ឆ្នាំ មានអាសយដ្ឋាននៅភូមិជ័យឧត្តមឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩៖៤០នាទីព្រឹក នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង ដោយសារជំងឺស្ទះសរសៃបេះដូង (Infarctus du myocard)។ បុរសវ័យ ៦៩ឆ្នាំនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៥៖៣០នាទីល្ងាច ដោយសាររកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ដោយមានលទ្ធផលវិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្រោយពីបានយកវត្ថុសំណាកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ពេលចូលមកដល់មន្ទីរពេទ្យខេត្តនេះ ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាពគាត់ ហើយសភាពអ្នកជំងឺនៅពេលនោះ មិនមានក្អក មិនមានហត់ មិនមានក្តៅខ្លួន តែក្រុមគ្រូពេទ្យមានការកត់សម្គាល់នូវសម្ពាធឈាមរបស់អ្នកជំងឺឡើងខ្ពស់ខុសធម្មតា ដែលតាមការសាកសួរឃើញថា បុរសវ័យ ៦៩ឆ្នាំ រូបនេះធ្លាប់បានទៅពិនិត្យ និងព្យាបាលជំងឺប្រចាំកាយរបស់ខ្លួននៅគ្លីនិកឯកជន។ នៅវេលាម៉ោងប្រហែលជា ២៣៖០០នាទីយប់នៃថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានទៅពិនិត្យមើលសុខភាពគាត់ម្តងទៀត ឃើញថាមានសភាពធម្មតា។ នៅវេលាព្រឹកម៉ោងប្រហែលជា ០៦៖០០នាទីនៃថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុរសខាងលើ បានចេញមកធ្វើលំហាត់ប្រាណអស់ពេលជាយូរ ហើយក៏បានចូលទៅសម្រាកនៅក្នុងបន្ទប់របស់ខ្លួនវិញ ដោយបានសម្រាន្តលង់លក់ រហូតដល់អ្នកជំងឺកូវីដ-១៩ម្នាក់ទៀត ដែលនៅសម្រាកជិតនោះ ដាស់គាត់ឱ្យពិសារបាយព្រឹក ក៏ឃើញថា បុរសវ័យ ៦៩ឆ្នាំនេះ បានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រសួងសុខាភិបាលបញ្ជាក់យ៉ាងដូច្នេះ៖ «ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសវ័យ ៦៩ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺស្ទះសរសៃឈាមបេះដូង (Infarctus du myocard) (មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ)»។

ក្រសួងសុខាភិបាល ថែមទាំងបានចូលរួមសម្តែងនូវការសោកស្តាយជាអនេក និងសូមចូលរួមចែករំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖