លោកបៃដិន ដាក់ចេញផែនការបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងព្រមានប្រជាជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់

(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា លោកនឹងតម្រង់ទិសរដ្ឋនានារបស់អាមេរិក ដើម្បីឱ្យមនុស្សពេញវ័យទាំងអស់មានសិទ្ធិទទួលបានវ៉ាក់សាំងកូវីដ១៩ នៅត្រឹមថ្ងៃទី ១ ខែឧសភា ហើយបានជំរុញឱ្យជនជាតិអាមេរិកប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគនេះ បន្ទាប់ពីលោកបានចុះហត្ថលេខាលើទឹកប្រាក់ចំនួន ១.៩ ទ្រីលានដុល្លារ។នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មានរយទ័រ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ លោក បៃដិន បាននិយាយថា លោកកំពុងធ្វើការដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំង ដើម្បីធ្វើឱ្យអាមេរិកអាចមានអារម្មណ៍វិលត្រលប់ទៅរកសភាពប្រក្រតីវិញ នៅត្រឹមថ្ងៃឈប់សម្រាកថ្ងៃបុណ្យឯករាជ្យជាតិ ៤ កក្កដា។

កាលបរិច្ឆេទសម្រាប់ការចាក់វ៉ាក់សាំងនេះ គឺជាគោលដៅថ្មីសម្រាប់ប្រធានាធិបតីដែលបានព្រមានជនជាតិអាមេរិកថា ការឈឺចាប់ និងមរណភាព នៅតែបន្តកើតមាន ដោយសារវីរុសដែលបានសម្លាប់មនុស្សជាង ៥៣ ម៉ឺននាក់នៅសហរដ្ឋអាមេរិក ហើយការចាក់សោ និងការរឹតត្បិតទាក់ទងនឹងមេរោគនេះ បានធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារ៕