កីឡាករ-កីឡាការិនីជាង ២០០នាក់ ចាក់វ៉ាក់សាំងបង្ការកូវីដ បង្គ្រប់ចំនួន ១,០៥១នាក់ លើកទី១

កីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ដ្រីកីឡាពាក់ព័ន្ធប្រមាណជាង ២០០នាក់ ពិសេសគឺក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីបង្គ្រប់ចំនួន ១,០៥១នាក់ តាមការអនុញ្ញាតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៃយុទ្ធនាការចាក់វ៉ាក់សាំង ដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា លើកទី១ រួចហើយ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា ថ្ងៃនេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ការផ្ដល់វ៉ាក់សាំងដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីកីឡាពាក់ព័ន្ធទាំងអស់ ដែលត្រៀមលក្ខណៈចេញទៅក្រៅប្រទេសក្នុងឆ្នាំ២០២១ ដែលគ្រោងចាក់ ៣ ទៅ ៤ ថ្ងៃ គឺបានបញ្ចប់ហើយ ដើម្បីបង្គ្រប់ចំនួន ១,០០៥១នាក់ ។

យ៉ាងណាមិញស្របជាមួយកាលទៈសៈ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានបន្ដធ្វើការអំពាវនាវយ៉ាងទទូចឲ្យគោរព តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង ៣កុំ ទោះបីទទួលបានវ៉ាក់សាំងដូសទី១ ក៏ដោយ ដើម្បីបង្ការជំងឺដ៏កាចសាហាវនេះ ។ លើសពីនេះ កីឡាករ-កីឡាការិនីទាំងអស់ ត្រូវសម្រាកសកម្មភាព ដោយព្យាយាមហ្វឹកហាត់ខ្លួនឯងឲ្យបានទៀងទាត់ នៅតាមផ្ទះ ឬទីកន្លែងមានសុវត្ថិភាពរៀងៗខ្លួន ដើម្បីរក្សាទម្ងន់ និងកម្លាំង ពេលត្រឡប់មកប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នាវិញ ៕