បឹងពារាំងជំរកត្រីមេពូជ ដ៏ធំក្នុងក្រុងសៀមរាប ប្រឈមនឹងការគោករាក់ ខណៈក្រុមអ្នកអភិរក្សកំពុងស្វះស្វែងរកការសង្គ្រោះ

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមអ្នកអភិរក្ស បានបង្ហាញនូវការព្រួយបារម្ភ ខណៈបរិមាណទឹកក្នុងផ្ទៃបឹងពារាំង ដែលជាជម្រកត្រីមេពូជដ៏ធំក្នុងក្រុងសៀមរាបមួយនេះ បានបន្តស្រកចុះយ៉ាងខ្លាំង ដោយសារកត្តាអាកាសធាតុ។ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង លោក គង់ មង្គល បានឲ្យដឹងថា ដោយសារទទួលរបបទឹកភ្លៀងមិនទៀងទាត់កាលពីរដូវវស្សាកន្លងមកនោះ ទឹកក្នុងផ្ទៃបឹងទាំងមូលបានស្រកចុះគួរឲ្យព្រួយបារម្ភ ដោយកន្លែងខ្លះត្រូវគោករាក់ ហើយកន្លែងដែលទឹកជ្រៅបំផុតត្រឹមមានកម្ពស់ទឹកត្រឹម ៤តឹកប៉ុណ្ណោះ។

ដើម្បីបញ្ចៀសការបាត់បង់ តំបន់អភិរក្សត្រីមេពូជនេះ លោក គង់ មង្គល បានលើកជាផែនការសង្គ្រោះបន្ទាន់មួយ ដាក់ជូនសមត្ថកិច្ចពាក់ព័ន្ធរួចហើយ ដោយវិធានការទី១ គឺបូមទឹកពីបឹងទន្លេសាប ដែលមានចម្ងាយប្រមាណជា២គីឡូម៉ែត្រ បញ្ជូលមកក្នុងបឹងពារាំង ដើម្បីសង្គ្រោះបន្ទាន់ដល់ត្រីមេពូជ។ វិធានការបន្ទាប់ គឺការស្តារផ្ទៃបឹងឲ្យបានជ្រៅ ដើម្បីធានានិរន្តរភាពតទៅមុខទៀត។

ប្រធានសហគមន៍រូបនេះ បញ្ជាក់ថា វិធានការទាំងនោះ ត្រូវបានស្ថាប័នជំនាញគាំទ្ររួចហើយ ប៉ុន្តែអ្វីដែលមិនទាន់អាចអនុវត្តន៍បាន គឺដោយសារបញ្ហាជំងឺឆ្លងកូវីដ-១៩ បានរាំងស្ទះក្រុមការងារមិនទាន់អាចជួបប្រជុំគ្នាបាន។

(((សម្ភាសន៍លោកគង់ មង្គល)))

សូមជម្រាបថា បឹងពារាំង ស្ថិតនៅក្នុងសង្កាត់ជា្រវ ក្រុងសៀមរាប ជាបឹងរណបមួយជាប់នឹងបឹងទន្លេសាប។ ក្រៅពីមានជីវៈចម្រុះដ៏សម្បូរបែប សត្វត្រីនៅក្នុងបឹងដែលហ៊ុព័ទ្ធដោយព្រៃលិចទឹកមួយនេះ បានទាក់ទាញសត្វស្លាបប្រមាណជាង១៧០ ប្រភេទ ឲ្យមកជ្រកកោននៅលើព្រៃឈើ និងរកស៊ីចំណីនៅលើផ្ទៃទឹក។ បឹងធម្មជាតិនេះដែរ មានទំហំផ្ទៃទឹក ២៧០ហិកតា និងជាង ៣,០០០ហិកតា បើគេគិតទាំងផ្ទៃព្រៃលិចទឹក ហើយក្នុងនោះក៏មានកោះចំនួន ១០កោះផងដែរ ដែលអាចឲ្យភ្ញៀវទេសចរណ៍ជិះទូកទៅសម្រាកកំសាន្ដយ៉ាងត្រជាក់ចិត្ដ៕