បើមានប្រតិកម្មក្រោយចាក់វ៉ាក់សាំងគឺរួមគ្នាទទួលខុសត្រូវ ដោយមិនត្រូវបន្ទោសលើស្ថាប័នណាមួយនោះទេ ពីព្រោះជាការស្ម័គ្រចិត្ត និង ដោយឥតគិតថ្លៃ

លោក ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងក្នុងសន្និសីទសារព័ត៍មាននៅព្រឹកថ្ងៃច័ន្ទនេះថា ប្រសិនបើអ្នកចាក់វ៉ាក់​សាំង​មានប្រតិកម្មធ្ងន់ធ្ងរណាមួយដែលអាចកើតឡើងនោះមិនត្រូវបន្ទោសលើស្ថាប័នណាមួយនោះទេ គឺត្រូវរួមគ្នាទទួលខុសត្រូវ ពីព្រោះនេះជាការស្ម័គ្រចិត្ត។

លោកជំទាវបញ្ជាក់ថា មុនពេលចាក់វ៉ាក់សាំងក្រុមគ្រូពេទ្យបានសាកសួរនិងពិនិត្រសុខភាពច្បាស់លាស់ណាស់មុននឹងចាក់ ដូច្នេះចាប់តាំងពីចាក់វ៉ាក់សាំងរហូតមកទល់នឹងពេលនេះគឺពុំទាន់មានអ្នកណាម្នាក់រងផលប៉ះពាល់នោះទេ។

មានមនុស្សប្រមាណ១ម៉ឺន៨ពាន់នាក់ដែលក្រុមគ្រូពេទ្យបានហាមមិនអោយចាក់ដោយយោងទៅលើសុខភាព ។ ដោយឡែកផលប៉ះពាល់រវាងវ៉ាក់សាំងទាំងពីរប្រភេទគឺមានគោលការណ៍រួមគ្នា ដែលអាចនិយាយបានថាអ្នកដែលមានបញ្ហាសុខ​ភាពធ្ងន់ធ្ងរគឺមិនអាចចាក់បានទេ ដូចជាអ្នកមានជំងឺហឺត សួត ធ្ងន់ធ្ងរ ទឹកនោមផ្អែម លើសឈាម មហារីក អាឡែកស៊ីធ្ងន់ធ្ងរ និងអ្នកដែលធ្លាប់មានប្រតិកម្មនឹងវ៉ាក់សាំងនានាកន្លងមកជាដើម៕