មនុស្ស៦នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីគោយន្តកន្ត្រៃដាច់ហ្វាំងចុះចំណោទក្រឡាប់ពីលើផ្លូវ នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០២១​ វេលាម៉ោង​ ៤និង៤០​ នាទីល្ងាច មានករណីគ្រោះចរាចរណ៍​(គោយន្តកន្ត្រៃដាច់ហ្វាំងចុះចំណោទក្រឡាប់ធ្លាក់ពីលើផ្លូវ)​ ធ្វើ​ដំណើរ​ពីលិចទៅកើត​ នៅកំណាត់ផ្លូវជាតិលេខ​៥៥​ ចន្លោះគីឡូម៉ែត្រលេខ​៧៥-៧៦​ នៅចំណុចិនយំ​ ស្ថិត​នៅ​ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនគរបាលចុះពិនិត្យនៅកន្លែងកើតហេតុ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ ស្រាលចំនួន៦ស្រី៤នាក់៖ ១.ឈ្មោះ​ ទឹម ​សល់​ ភេទប្រុស​ អាយុ៤៨ឆ្នាំ​ រស់នៅភូមិជើងភ្លើង ឃុំស្នាមព្រះ ស្រុកបាកាន រងរបួសធ្ងន់ (អ្នកបើកបរ) ។ ២.ឈ្មោះ​ សែម​ ជា ភេទស្រី​ អាយុ​ ៦០​ ឆ្នាំ​ រងរបួសស្រាល (អ្នករួមដំណើរ​) ។ ៣.ឈ្មោះ​ សុខា ភេទស្រី​ អាយុ​០៥​ឆ្នាំ​ សិស្ស រងរបួសធ្ងន់ (អ្នករួមដំណើរ​) ។ ៤.ឈ្មោះ​ សុខ ខេង​ ភេទប្រុស​ អាយុ​០៧​ឆ្នាំ​ សិស្ស របួសធ្ងន់ (អ្នករួមដំណើរ​) ។ ៥.ឈ្មោះ​ ទុយ ជីម ភេទស្រី​ អាយុ​៣២​ឆ្នាំ​ របួសធ្ងន់ (អ្នករួមដំណើរ) ។ ៦.ឈ្មោះ​ ណា នីន ភេទស្រី​ អាយុ​១៨​ឆ្នាំ​ របួសធ្ងន់ (អ្នករួមដំណើរ) អ្នកទាំងអស់រស់នៅភូមិ ឃុំដូចគ្នាខាងលើ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ប្រភពបានបន្តថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកគោយន្តធ្វេសប្រហែសមិនបានត្រួតពិនិត្យទៅលើហ្វាំងគោយន្តមុនចេញដំណើរ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ៕

ប្រភព ព័ត៌មាន