ខេត្តតាកែវគ្រោងសាងសង់រូបសំណាកបង្កង និងពងទាកូន ជាផលិតផលសក្តានុពល ឱ្យលេចជារូបរាងឆាប់ៗនេះ

គ្រប់គ្នាប្រាកដជាស្គាល់រួចមកហើយ អំពីខេត្តតាកែវ ដែលជាខេត្ដមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។

កាលពីថ្មីៗនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានអោយដឹងថា៖នាពេលឆាប់ៗនេះ ខេត្តតាកែវនឹងសាងសង់រូបសំណាកបង្កង និងពងទាកូនដែលជាផលិតផលសក្តានុពលរបស់ខេត្តតាកែវនឹងចេញជារូបរាងនាពេលខាងមុខនេះ។

គួរបញ្ជាក់ថា ខេត្តតាកែវ ជា ខេត្ត ដែលល្បីល្បាញសម្បូរទៅដោយបង្កងបឹងធម្មជាតិធំៗជាច្រើន ហើយបង្កង ខេត្តតាកែវ ក្លាយជាផលិតផលដែលត្រូវបានទទួលស្គាល់ថា ជាផលិតផលប្រចាំខេត្តផងដែរ មិនតែប៉ុណ្ណោះបង្កង ខេត្តតាកែវ ក៏បានរួមចំណែកទាក់ទាញភ្ញៀវទេសចរមកពីទូទាំងប្រទេសទាំងភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្ត និងមកភ្លក់រសជាតិមុខម្ហូបបង្កងដ៏មានឱជារស ។

ក្នុងនោះ ខេត្តតាកែវ ក៏ជាខេត្តមួយផលិតពងទាកូនធំជាងគេ ក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សារទូទាំងប្រទេស ដែលមានបងប្អូនប្រជាកសិករជាច្រើនចូលចិត្តចិញ្ចឹមទា និងភ្ញាស់ពងទា ជាលក្ខណៈប្រពៃណីតៗគ្នាមក ធ្វើឱ្យខេត្តក្លាយជាជង្រុកដ៏ធំ មានសម្បូរផលិតផលពងទាកូនដ៏ល្បីល្បាញ៕