ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សានិងធ្វើឱ្យខូចខាតដោយចេតនា

កណ្តាល÷ ថ្ងៃទី១៦.០៣.២០២១ វេលាម៉ោង ១០:៣០នាទី។ ចំណុចផ្លូវបេតុង មុខផ្ទះរបស់ឈ្មោះ កុយ សាវី ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ សាន្ត ឆានី ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិខ្មែរមុខរបរ បុគ្គលិកទឹកស្អាត មានទីលំនៅសព្វថ្ងៃភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ អ៊ឹម ជោគជ័យ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ មានទីលំនៅសព្វថ្ងៃភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។វត្ថុតាងចាប់យក÷

១.ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្ដាល 1AE-0115 (របស់ជនរងគ្រោះ)

២.កាំបិតខ្វែវ អត់ដង ផ្លែប្រវែង ៤០សង់ទីម៉ែត្រ ទទឹងផ្លែ ប្រវែង៦.៥ សង់ទីម៉ែត្រ ។

សភាពនៃរឿងហេតុ÷ កន្លងមកជនសង្ស័យប្រើប្រាស់គ្រឿងញៀននិងមានអំពើហិង្សាក្នុងគ្រួសារញឹកញាប់ ហើយតែងតែបង្ករឿងជាមួយអ្នកជិតខាង។ លុះនៅថ្ងៃកើតហេតុ វេលាម៉ោង១០:៣០នាទី ជនសង្ស័យបានទាលុយម្ដាយ ដើម្បីទិញស្បែកជើងនិងខោ ប៉ុន្តែម្ដាយប្រាប់ថា÷ អត់មានលុយឱ្យទេ ជនសង្ស័យក៏ មានចិត្តខឹង ឡូឡាដាក់ម្ដាយ ពេលនោះបងប្អូន បាននាំគ្នាឃាត់ តែជនសង្ស័យ មិនស្ដាប់ ហើយបងប្អូនក៏នាំគ្នាចាប់ជនសង្ស័យ តែចាប់មិនឈ្នះ ភ្លាមនោះ ជនសង្ស័យបានរត់ទៅយកកាំបិតខ្វែវ ពីផ្ទះឈ្មោះ សុខ អូន (អ្នកជិតខាងគ្នា) មកកាប់ម៉ូតូរបស់ ជនរងគ្រោះខាងលើ បណ្តាលអោយ ចំក្បាលម៉ូតូ ចង្កៀងម៉ូតូ និងស្តុបខាងក្រោយ បែកខ្ទេច ។ រហូតដល់វេលាម៉ោង១០:៤៣នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអព្ចាញ ក្រោយពីបានទទួលពាក្យបណ្ដឹង កម្លាំងជំនាញនិងប៉ុស្តិ៍ បានទៅដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។   នៅចំពោះមុខសមត្ថកិច្ច សង្ស័យបានឆ្លើយសារភាពថា÷ ខ្លួនពិតជាបានប្រើហិង្សា វាយម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាតពិតមែន។ ចំពោះជនសង្ស័យ បានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។

ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕