ពីឆ្នាំ២០២០ ដល់ ២០២៣កម្ពុជាកំពុងដំណើរការអភិវឌ្ឍផែនការវិស័យឌីជីថល

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មានបាន ថ្លែងក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តី ព័ត៌មានអាស៊ានលើកទី១៥ AMRI តាមប្រពន្ធ័ Video Conference នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ផែនការអភិវឌ្ឍវិស័យ ឌីជីថល របស់កម្ពុជា គឺចាប់ពី ឆ្នាំ២០២០ ដល់ ២០២៣ ដើម្បីឆ្ពោះទៅការកសាងសហគមន៍ឌីជីថល ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងដូច្នេះឆ្លើយតបទៅនឹងឯកសារចំនួន ៣ ដែលបានលេីកឡេីងក្នុងកិច្ចប្រជុំឧត្តមមន្រ្តី ព័ត៌មានអាស៊ាន ដែលរួមមានទី១ ផែនការ ការងារអភិវឌ្ឍក្នុងការត្រៀមលក្ខណ:សម្រាប់កិច្ចការ ឌីជីថល ក្នុង ចំណោមប្រជាពលរដ្ឋអាស៊ានទាំងអស់ ។ ទី២ ផែនការ ការងារសម្រាប់លើកកម្ពស់ការចូល រួមទាំងអស់គ្នា នៅក្នុងការផ្សព្វផ្សាយ ឌីជីថល ក្នុងតំបន់អាស៊ាន ។និង ទី ៣ រដ្ឋមន្រ្តីព័ត៌មាន អាស៊ានទាំងអស់ ពិភាក្សាក្នុងការសម្រេចទៅលេី សេចក្តីប្រកាសរួម របស់សន្និសីទរដ្ឋមន្រ្តី ព័ត៌មានអាស៊ាន លេីកទី១៥ និងកិច្ចប្រជុំជាមួយភាគីពាក់ពន្ធ័។

ឯកឧត្តមថ្លែងថា ចំពោះប្រធានបទសន្និសីទ“ អាស៊ាន៖ សហគមន៍ឌីជីថល គឺមានភាពងាយ ស្រួលសម្រាប់មនុស្សគ្រប់គ្នា”ព្រោះវាជាកិច្ចខិតខំប្រឹងប្រែងដ៏ទាន់ពេលវេលានិងសំខាន់របស់រដ្ឋមន្ត្រីអាស៊ានដែលទទួលខុសត្រូវចំពោះព័ត៌មាននេះ។ តំរូវការចាំបាច់បំផុតរបស់ប្រជាជន អាស៊ានក្នុងការចូលដំណើរការ ឌីជីថល នៅគ្រប់កំរិតជាពិសេសស្ថិតនៅក្រោមភាពលំបាក ដែលបណ្តាលមកពីជំងឺរាតត្បាត កូវីត ១៩។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ក្រសួងព័ត៌មាន បានរៀបចំវគ្គសិក្ខាសាលានិងបណ្តុះបណ្តាលជាតិនិងអន្តរជាតិជាច្រើនសម្រាប់មន្ត្រីប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ពីស្ថាប័នរដ្ឋាភិបាលនិងប្រព័ន្ធផ្សព្វផ្សាយឯកជន ដើម្បី លើកកម្ពស់ចំណេះដឹង អំពីរបៀបរាយការណ៍ព័ត៌មានពិត សម្រាប់អ្នកសារព័ត៌មាន ចូលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងក្លែងក្លាយព័ត៌មាន៕