អ្នកនាំពាក្យរបស់លោក Duterte តេស្តវិជ្ជមានកូវីដ ១៩

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនលោក Harry Roque បានប្រកាសនៅថ្ងៃចន្ទនេះថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។

នៅក្នុងសន្និសិតកាសែតតាមទូរទស្សន៍លោក Roque បាននិយាយថា គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃអាទិត្យ ហើយបានផ្ដាច់ខ្លួននៅដាច់ដោយឡែកដើម្បីត្រៀមជួបជាមួយលោកប្រធានាធិបតី Rodrigo Duterte នៅថ្ងៃចន្ទនេះ ហើយលោកក៏បានជំរុញឲ្យអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ត្រូវធ្វើចត្តាឡីស័កផងដែរ ។

លោក Roque គឺជាសមាជិកទី ៥ ហើយនៃជួរគណៈរដ្ឋមន្រ្តីរបស់លោក Duterte ដែលបានឆ្លងជំងឺកូវីដ ១៩ ។ កាលពីឆ្នាំមុនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Ramon Lopez រដ្ឋមន្ត្រីក្រសួងសាធារណការលោក Mark Villar រដ្ឋមន្ត្រីក្រសួងអប់រំលោក Mark Villar លេខាធិការអប់រំលោក Leonor Briones និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Eduardo Ano ក៏បានឆ្លងវីរុសនេះផងដែរ ហើយបច្ចុប្បន្នមន្ត្រីទាំងបួននាក់បានជាសះស្បើយហើយ ។

បច្ចុប្បន្នប្រទេសហ្វីលីពីនកំពុងតែមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ ក្នុងខែនេះពោលប្រហាក់ប្រហែលនឹងខែកក្កដា និងសីហា ឆ្នាំ ២០២០ ខណៈករណីប្រចាំថ្ងៃបានឡើងដល់កម្រិតកំពូល ។ ប្រទេសហ្វីលីពីនបានរាយការណ៍ករណីឆ្លងថ្មីចំនួន ៥,០០០ ករណីកាលពីថ្ងៃសៅរ៍ដែលជាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីខែសីហាឆ្នាំមុន ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសហ្វីលីពីនមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦២១,៤៩៨ ករណី និងមានអ្នកស្លាប់ចំនួន ១២,៨២៩ នាក់ ៕