ពលរដ្ឋ៣០នាក់ដែលប៉ះពាល់ដោយប្រយោល នៅរោងចក្រព្រែកជ្រៃ និងនៅណាហ្គេលវើលបានអនុញ្ញាតអោយទៅផ្ទះវិញ បន្ទាប់ពីបានធ្វើចត្តាឡីស័កត្រឹមត្រូវ 

រដ្ឋបាលខេត្តកណ្តាលបានអោយដឹងថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានជួបសំណេះសំណាល ប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តឡីស័ក វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ចំនួន ៣០នាក់ ។

លោកជំទាវអភិបាលរងខេត្ត បានសំដែងនូវការអបអរសាទរ ដល់បងប្អូនប្រជាពលរដ្ឋទាំង ៣០ នាក់ ដែលបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ព្រមទាំងធ្វើតេស្តរកមេរោគកូវី-១៩ ហើយលទ្ធផលមិនមានអ្នកណាម្នាក់មានផ្ទុកមេរោគកូវីដ-១៩ ឡើយ។

លោកជំទាវបានផ្តាំផ្ញើដល់បងប្អូនទាំង៣០នាក់ពេលវិលដល់សហគមន៏វិញ ត្រូវបន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីវិធានការការពារទប់ស្កាត់ការឆ្លងរីករោលដាលមេរោគកូវីដ១៩នេះ ដើម្បីរួមចំណែកនៃការកើនឡើងចំនួនអ្នកឆ្លងបន្ថែមនៅក្នុងសហគមន៏។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ៣០នាក់ ដែលបានអនុញ្ញាតិអោយវិលត្រឡប់ទៅលំនៅឋានវិញនេះគឺបានប៉ះពាល់ដោយប្រយោល នៅរោងចក្រព្រែកជ្រៃ និងនៅណាហ្គេលវើល នាពេលកន្លងមក ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល