មន្ទីរសាធារណការ បិទចរាចរផ្លូវលេខ ៦០៨ ត្រង់ទីតាំងប្រសព្វផ្លូវលេខ ៣១៥ ចំនួន ២៩ថ្ងៃ ដោយចាប់ថ្ងៃស្អែកនេះទៅ

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅថ្ងៃពុធនេះថា ការដ្ឋានគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន បាននិងកំពុងសាងសង់លូប្រអប់ទំហំ ២ម x ២ម តាមបណ្តោយផ្លូវលេខ ៣១៥ ដល់ចំណុចផ្លូវលេខ ៦០៨ ប្រសព្វនៃផ្លូវលេខ៣១៥ និងផ្លូវលេខ ៥៩៨។

ទីតាំងខាងលើនេះ ការដ្ឋានត្រូវសាងសង់លូប្រអប់ទំហំ ២មx ២ម ដែលត្រូវតភ្ជាប់ពីផ្លូវលេខ ៣១៥ កាត់ផ្លូវលេខ៦០៨នេះ ដើម្បីភ្ជាប់ទៅស្ថានីយ៍បូមទឹកទួលគោកទី១ (ត្រឡោកបែក) ហើយនឹងត្រូវបិទចរាចរផ្លូវលេខ ៦០៨ ត្រង់ទីតាំងការដ្ឋាន រយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាចូលរួមសហការណ៍ពង្វាងចរាចរ និងសូមយោគយល់អធ្យាស្រ័យ ចំពោះការបិទផ្លូវមួយរយៈពេលនេះ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ