ប្រមុខរាជរដ្ឋាភិបាល ប្រកាសថា វ៉ាក់សាំងការពារកូវីដ១ ប្រមាណ ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជាឆាប់ៗនេះ

ភ្នំពេញ៖ តាមសារសំឡេងក្នុងឱកាសតែងតាំងលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រង ដឹកនាំការងារចាក់វ៉ាក់សាំងទូទាំងប្រទេសនាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំងការពារកូវីដ១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជាឆាប់ៗនេះ ខណៈផែនការកម្ពុជា ចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិចរង្វង់ជាង ១០លាននាក់។

នៅក្នុងសារសំឡេង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងការពារមេរោគកូវីដ១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ និងជាបន្តបន្ទាប់ ក៏នឹងមានវ៉ាក់សាំង Sinovac ១លាន ៥សែនដូសមកដល់ ខណៈវ៉ាក់សាំង Sinopharm និងAstraZeneca ក៏មកជាបន្តបន្ទាប់ទៀតដែរ ហើយកម្ពុជា ក៏កំពុងស្វះស្វែងរកទិញវ៉ាក់សាំង Johnson & Johnson របស់អាមេរិកផងដែរ ហើយកិច្ចការងារនេះ គឺផ្តល់ជូនលោកជំទាវ ឱ វណ្ណឌីន ជាអ្នកចាត់ចែងដាច់តែម្តង។

តាមរយៈការយកចិត្តទុកដាក់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យបង្កើតគណៈកម្មការចំពោះកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីចាត់ចែងការចាក់វ៉ាក់សាំង។

សម្តេច ក៏បានណែនាំឱ្យក្រសួងអប់រំ ស្រង់បញ្ជីដើម្បីចាក់ជូនគ្រូបង្រៀននៅភ្នំពេញ ខេត្តកណ្តាល ព្រៃវែង កោះកុង និងខេត្តព្រះសីហនុ។

ដោយឡែកចំពោះកម្មករ កម្មការនីវិញ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារ ស្រង់បញ្ជី ដើម្បីចាក់ជូនកម្មកររោងចក្រ បុគ្គលិក ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ជាពិសេស សំរាប់រោងចក្រណាដែលប្រឈមហានិភ័យ ហើយនៅតាមខេត្ត ត្រូវពិនិត្យមើល និងស្រង់បញ្ជីឈ្មោះ ចាក់ជូនអ្នកអាទិភាព ដូចជា អ្នកលក់ដូរជាដើម។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការចាក់ឱ្យប្រជាពលរដ្ឋបានយ៉ាងតិចរង្វង់ជាង ១០លាននាក់ ទៅ ១៣លាននាក់ ៕