ភ្លើងប្រច័ណ្ឌ! ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនជុំវិញករណីហិង្សាក្នុងគ្រួសារ

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៣ និង២០នាទី រសៀល អធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតតាំងតោ) នៅការដ្ឋាន០៣ ក្រុមហ៊ុនក្រុងបុក ស្ថិតនៅភូមិកាណាត ឃុំតាឡាវស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយការសម្របសម្រួលពីលោក បូ រ៉ាបូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអណ្ដូងមាសបានអោយដឹងថា៖

ជនសង្ស័យឈ្មោះស៊ីណាត ណាក់ ភេទប្រុស អាយុ 41ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរ ទីកន្លែងកំណើតភូមិឡ ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាសខេត្តរតនគិរី ត្រូវជាប្ដី ។

ជនរងគ្រោះ ឈ្មោះសុខ វី ភេទស្រីអាយុ៤២ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរទីកន្លែងកំណើតភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

របាយការណ៍ក៏បានបញ្ជាក់អោយដឹងផងដែរថាមូលហេតុបង្កអោយមានអំពើហិង្សានេះកើតឡើងគឺបណ្ដាលមកពី: ឈ្មោះ សុខ វី ហើយនិងឈ្មោះ ស៊ីណាត ណាក់ បាននាំគ្នាហូបបាយ ហើយក៏បានប្រកែកពាក្យសម្ដីគ្នា ព្រោះឈ្មោះ ស៊ីណែត ណាក់ បានប្រច័ណ្ឌឈ្មោះ សុខ វី ហើយក៏បានទៅយកកាំបិតកាប់ដំឡូងយកមកកាប់ត្រូវ ឈ្មោះសុខ វី ត្រូវចំភ្លៅខាងឆ្វេងបណ្ដាលរងរបួសធ្ងន់ បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពអណ្តូងមាស ។ វត្ថុតាងដកហូតរួមមាន កាំបិតតាំងតោចំនួន ០១។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕