សមត្ថកិច្ចធ្វើការពិន័យអន្តរការណ៍លើរថយន្ត២គ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យ

រសៀលថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១ មានរថយន្ត២គ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។

យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់នៅ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម៖

ករណីអ្នកបើកបរឈ្មោះ សុខ ចាន់រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ បើកបររថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-0959 បានបើកគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ដើម្បីចាកចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តកំពត។

យោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។

សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ