អជ្ញាធរកំពង់ចាម បញ្ជាក់ករណីបាតុភូតកើតឡើងដោយមានសត្វរៃច្រើនក្បាលមកទំលើដើមឈើច្រេស បញ្ចេញសម្លេងអឺងកង និងមានទឹករលឹមធ្លាក់ទាំងអាកាសធាតុក្តៅ

ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមគោរពជម្រាបជូនសាធារណជន និងបណ្ដាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា ថ្មីៗនេះ ក្រុមការងារសង្កេតឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការបង្ហោះចែករំលែកវីដេអូឃ្លីប ពាក់ព័ន្ធនឹងបាតុភូតកើតឡើងដោយមានចំនួនសត្វរៃច្រើនក្បាលមកទំលើដើមឈើច្រេស បញ្ចេញសម្លេងអឺងកង និងមានទឹករលឹមធ្លាក់ទាំងអាកាសធាតុក្តៅទៀតផង។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ នៅចំណុចវត្តត្បូង ស្ថិតនៅភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

បាតុភូតនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួនចាត់ទុកថាជាបារមីស័ក្តិសិទ្ធិរបស់អារុក្ខ អារក្ស អ្នកតា សម្តែងឫទ្ធិ អភិនីហារ ក្នុងនោះដែរ យើងសង្កេតឃើញឧបាសក ឧបាសិកាចំណុះជើងវត្ត ក៏ដូចជាប្រជាពលរដ្ឋខ្លះក្នុងឃុំ ចំណុះស្រុកស្រីសន្ធរ រួមជាមួយប្រជាពលរដ្ឋខ្លះដែលបានទទួលដំណឹងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមកេណ្ឌប្រមូលផ្ដុំគ្នាចូលរួមគោរពបូជា ទាន ធូប និងបន់ស្រន់សុំសេចក្តីសុខរៀងៗខ្លួន ខ្លះត្រង់យកទឹកមកលុបលាងមុខ និងខ្លះទៀតយកទៅផឹក ដោយភ្លេចគិតពីហានិភ័យនៃមេរោគផ្សេងៗដូចជាជម្ងឺសើស្បែកជាដើម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកស្រីសន្ធរ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលស្រុកស្រីសន្ធរ បានដឹកនាំជំនាញចុះពិនិត្យសង្កេតយ៉ាងហ្មត់ចត់ឃើញថា ដើមច្រេស ជាប្រភេទដើមឈើម្យ៉ាង មានស្លឹកនិងសំបកមានរស់ជាតិផ្អែមសម្បូរទៅដោយជាតិទឹក និងជាជម្រកដ៏សមស្របនៃសត្វរៃ។ មន្ត្រីជំនាញបានបញ្ជាក់បន្ថែមថា នៅរដូវក្តៅ ពពួកសត្វរៃតែងតែហើរមកប្រជុំគ្នានៅលើដើមច្រេសនេះ គឺដើម្បីខាំកកេរសំបកឈើជាចំណីផង និងបង្កឱបង្កាត់ពូជន៍ផង ។ ពួកវាជារៃមួយប្រភេទមានឈ្មោះជា រៃបឹង សត្វរៃញីបញ្ចេញទឹកតាមគូទ ដើម្បីទាក់ទាញសត្វរៃឈ្មោល ឲ្យមកបង្កាត់ពូជន៍ជាមួយគ្នា ពពួកសត្វរៃទាំងនេះប្រើមាត់កកេរសំបកឈឺបណ្ដើរ ព្រមទាំងបញ្ចេញទឹកនោមបណ្ដើរ ។ ដោយសត្វរៃមានចំនួនច្រើនក្បាល បញ្ចេញទឹកនោមព្រមៗគ្នា ធ្លាក់ឆ្លងកាត់ខ្យល់ បង្កជាផ្សែងទឹកដូចភ្លៀងរលឹម ជាហេតុបង្កឲ្យប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំ ថាជាអាភីនីហា ទឹកចេញពីមែកឈឺច្រេស។

 

ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ ក៏ដូចជាប្រជាពលរដ្ឋដែលទទួលបានព័ត៌មានពីបណ្ដាញសង្គម និងមានបំណងចូលរួមតាមជំនឿ សូមមេត្តាពិចារណាឲ្យបានហ្មត់ចត់ គិតពីហានិភ័យប៉ះពាល់ដល់សុខភាពជាគោល និងមេត្តាចូលរួមគោរពតាមវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល ជាពិសេសគោរពតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ” ៣កុំ ៣ការពារ ” ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍៕