TikTok នឹងធ្វើការផ្លាស់ប្ដូរលក្ខខណ្ឌក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម

នាពេលបច្ចុប្បន្នក្រុមហ៊ុន TikTok បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសក្នុងការទទួលបាននូវការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានពីរជម្រើស។ ជម្រើសទីមួយគឺអ្នកប្រើប្រាស់ទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្ម ជាលក្ខណៈទូទៅ ចំណែកឯជម្រើសទីពីរវិញនោះគឺអ្នកប្រើប្រាស់និងទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួនដែលគេហៅថា Personalized Ads។ ប៉ុន្តែក្នុងពេលឆាប់ៗនេះក្រុមហ៊ុននឹងទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ឯកភាពក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មជាលក្ខណៈ Personalized Ads។

Personalized Ads គឺជាការផ្សព្វផ្សាយពាណិជ្ជកម្មដោយធ្វើការវិភាគទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ជាមួយក្រុមហ៊ុនពាក់ព័ន្ធដើម្បីឱ្យការផ្សព្វផ្សាយពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។ ក្រុមហ៊ុនជាច្រើនទៀតមានដូចជា Twitter, Facebook និង Instagram ក៏បានប្រើប្រាស់វិធីនេះក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យាមានការព្រួយបារម្ភនោះគឺដោយសារតែ មានកុមារជាច្រើនដែលកំពុងតែប្រើកម្មវិធី TikTok ហើយម្យ៉ាងទៀតក្រុមហ៊ុនហាក់បីដូចជាមិនមានវិធានការគ្រប់គ្រាន់ក្នុងការការពារគណនីរបស់កុមារ ពីជនខិលខូច។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅនេះ តុលាការកំពូលរបស់ប្រទេសប៉ាគីស្ថានបានសម្រេចបិទកម្មវិធី TikTok ជាថ្មីម្ដងទៀត ដោយសារតែក្រុមហ៊ុននេះពុំបានសហការជាមួយនឹងអាជ្ញាធរក្នុងការគ្រប់គ្រង និងលុបចោលវីដេអូដែលអាចធ្វើឱ្យប៉ះពាល់ដល់សីលធម៌និងសុវត្ថិភាពរបស់ប្រទេសប៉ាគីស្ថាន៕

ប្រភព ព័ត៌មាន