ឃាត់ខ្លួនបុរស ២នាក់ ពាក់ព័ន្ធករណីកាប់គាស់រុករានដីព្រៃក្នុងតំបន់ការពារធម្មជាតិ

ខេត្តមណ្ឌលគិរី៖ បុរស២នាក់ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំណាមលៀរ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ចាប់ឃាត់ខ្លួនកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីកាប់គាស់ រុករាន និងទន្រ្ទានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ជាបទល្មើសដែលមានចែងក្នុងបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

បន្ទាប់ពីការចាប់ឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធីរួចមក នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ជនត្រូវចោទទាំង២នាក់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាបង្គាប់ឲ្យឃុំខ្លួនម្នាក់ឈ្មោះប្រាក់ កែល ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងម្នាក់ទៀតឈ្មោះថូល ធា ភេទប្រុស អាយុ១៨ឆ្នាំ សម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងបង្គាប់ឲ្យគោរពតាមកាតព្វកិច្ចបន្ថែមមួយចំនួនតាមយុត្តាធិការស៊ើបសួរ៕