មន្ទីរពេទ្យនៅប្រេស៊ីលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទាំងផ្ទុកអ្នកឆ្លង និងស្លាប់ដោយកូវីដ

បរទេស÷ ជំងឺកូវីដ ១៩ និងវីរុសបំប្លែងខ្លួនប្រភេទថ្មីបាននិងកំពុងរាលដាលនៅក្នុងប្រទេសប្រេស៊ីលដោយធ្វើឲ្យប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

វ៉ារ្យ៉ង់នេះត្រូវបានគេជឿថាមានដើមកំណើតនៅទីក្រុង Manaus នៃរដ្ឋ Amazon ហើយបានរីករាលដាលពាសពេញប្រទេសនៅខែនេះ។

ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃដែលត្រូវបានបញ្ជាក់ថ្មីៗនេះបានកើនឡើងដល់ ៧០,០០០ ករណីដែលជាចំនួនច្រើនជាងគេបំផុតនៅលើពិភពលោកពោលគឺលើសសហរដ្ឋអាមេរិកទៅទៀត ។ ចំណែកការស្លាប់ប្រចាំថ្ងៃវិញបានឡើងដល់ ២,០០០ នាក់នៅថ្ងៃខ្លះ ។

គិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុនបន្ទប់សង្គ្រោះបន្ទាន់ (ICU) ជាង ៨០ ភាគរយត្រូវបានប្រើប្រាស់នៅក្នុងរដ្ឋយ៉ាងតិច ២៤ ក្នុងចំណោមរដ្ឋទាំង ២៧ ហើយក៏កំពុងមានខ្វះខាតផងដែរ ។

នៅទីក្រុង Sao Paulo អត្រានៃការប្រើប្រាស់បន្ទប់ ICU បានឡើងដល់ ៩០ ភាគរយនៅសប្តាហ៍នេះ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា មនុស្សរាប់សិបនាក់បានស្លាប់ក្នុងមួយថ្ងៃមុនពេលពួកគេចូលមន្ទីរពេទ្យ ។

ចំណែកនៅឯទីបញ្ចុះសពមួយនៅជាយក្រុង Sao Paulo ជិត ៨០ ភាគរយនៃមនុស្សប្រមាណ ៣០ នាក់ដែលត្រូវបានបញ្ចុះនៅទីនោះជារៀងរាល់ថ្ងៃគឺជាជនរងគ្រោះដោយសារជំងឺកូវីដ ១៩ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសប្រេស៊ីលមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១,៦០៩,៦០១ ករណី និងមានអ្នកស្លាប់ចំនួន ២៨២,៤០០ នាក់ ហើយជាប្រទេសរងគ្រោះខ្លាំងជាងគេទី ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ៕