អឺរ៉ុបថា វ៉ាក់សាំង AstraZeneca គ្មានបង្កឲ្យមានបញ្ហាកំណកឈាមទេ

គ្មានសញ្ញាណាមួយដែលបង្ហាញថា វ៉ាក់សាំង AstraZeneca គឺជាមូលហេតុបង្កឲ្យមានបញ្ហាកំណកឈាមនោះឡើយ នេះបើតាមនិយតករឱសថសហភាពអឺរ៉ុប ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg កាលពីម្សិលមិញ។

លោកស្រី Emer Cooke នាយកប្រតិបត្តិនៃភ្នាក់ងារឱសថអឺរ៉ុប(EMA)បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា គណៈកម្មាធិការសុវត្ថិភាពរបស់ខ្លួន បានជួបប្រជុំគ្នាដើម្បីពិនិត្យឡើងវិញនូវរបាយការណ៍ស្តីអំពីបញ្ហាកំណកឈាម នៅក្នុងច ំណោមមនុស្សមួយចំនួន ដែលបានទទួលការចាក់វ៉ាក់សាំងនេះ ហើយលទ្ធផលជាបឋមបានបង្ហាញថា មិនមានសញ្ញាណាមួយដែលបញ្ចាក់ថា វា៉ក់សាំង AstraZeneca ជាមូលហេតុបង្ករឲ្យមានបញ្ហាសុខភាពនេះឡើយ។

ទោះជាយ៉ាងណា នាយកប្រតិបត្តិនៃភ្នាក់ងារឱសថអឺរ៉ុបរូបនេះបានគូសបញ្ជាក់ថា ទីភ្នាក់ងារឱសថអឺរ៉ុបបាននិងកំពុងធ្វើការវាយតម្លៃម្តងមួយករណីៗនៃឧប្បត្តិហេតុ ហើយសេចក្តីសន្និដ្ឋានចុងក្រោយត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕