កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនមេខ្សល់នាំពលករឆ្លងដែនខុសច្បាប់ម្នាក់ និងពលករ១៦នាក់

កម្លាំងសមត្ថកិច្ចនគរបាលនិងយោធាខេត្តបន្ទាយមានជ័យឃាត់ខ្លួន ជនសង្ស័យជាមេខ្សល់០១នាក់ ក្នុងចំណោមបក្ខពួក០១នាក់ទៀត និងពលករចំនួន១៦នាក់ ក្នុងនោះមានកុមារ០១នាក់ នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចចម្ការស្វាយចន្ទីខាងកើតផ្លូវជាតិលេខ៥៨ ចម្ងាយប្រហែល៥០០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ៖ ជនសង្ស័យជាមេខ្សល់មានចំនួន០២នាក់ មានម្នាក់ ឈ្មោះ ពឺន ពេត អាយុ ៣៨ ឆ្នាំមានទីលំនៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក បានរត់គេចខ្លួនបាត់ពេលជួបសមត្ថកិច្ច ពេលនាំសមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួននិងម្នាក់ទៀត ជាអ្នកដឹកជញ្ជូនពលករតាមគោយន្តកន្ត្រៃឈ្មោះ តេង តុញ ភេទប្រុសអាយុ ២៤ ឆ្នាំមានទីលំនៅភូមិល្បើកស្វាយឃុំស្វាយចេកស្រុកស្វាយចេក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងវត្ថុតាងរួមមានគោយន្តកន្ត្រៃ០១គ្រឿង ។

លោកអធិការបានបញ្ជាក់ថា ពលករទាំង១៦នាក់ ស្រីចំនួន០៦នាក់និងកុមារ០១នាក់ ក្នុងនោះមកពីភូមិថ្មពួកឃុំថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យចំនួន ០៣នាក់,មកពីភូមិក្រសាំងឃុំបុស្បូវ ស្រុកសំរោង ខេត្តឧត្តរមានជ័យចំនួន០៧នាក់,មកពីភូមិព្រៃទទឹងឃុំភ្នំតូចស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យចំនួន០១នាក់, មកពីភូមិថ្មីឃុំព្រៃខ្នេសស្រុកមេសាងខេត្តព្រៃវែងចំនួន០៥នាក់ ដោយពលករម្នាក់ត្រូវមេខ្សល់យកតម្លៃ៤.០០០បាត ទៅដល់កន្លែងធ្វើការនៅប្រទេសថៃ ។

បច្ចុប្បន្នមេខ្សល់និងពលករ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសួរនាំ ៕