គ្រោះថ្នាក់ចរាចរណ៍នៅកណ្តាលក្រុងសៀមរាប បណ្តាលអោយជនបរទេសម្នាក់ស្លាប់

សៀមរាប៖ នាវេលាម៉ោង០៦៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦៣ ចំណុចភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យជនបរទេសម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស ជិះម៉ូតូម៉ាកធូដេ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប១AC-០៣៣៨ អ្នកបើកបរម៉ូតូបង្ករហេតុបានគេចខ្លួនបាត់។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ និងជនបង្កហេតុ។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារផុងលលាដ៍ក្បាល(បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍)។

ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចជំនាញបានបញ្ជូនសាកសពជនរងគ្រោះទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរងចាំការសម្រេចចិត្តពីក្រុមគ្រួសារ និងស្ថានទូត ៕

ប្រភព ព័ត៌មាន