រថយន្ត០៣គ្រឿង បើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍

រសៀលថ្ងៃសុក្រ ៦ កើត ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានរថយន្ត០៣គ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។

យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់នៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម៖

ករណីទី១៖ រថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ3AJ-6486 បើកបរដោយឈ្មោះ ងយ ឆានី ភេទប្រុស អាយុ២៣ឆ្នាំ។

ករណីទី២៖ រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-9520 បើកបរដោយឈ្មោះ សែម ធិន ភេទប្រុស អាយុ២៣ឆ្នាំ។

ករណីទី៣៖ រថយន្តម៉ាក GRANTO ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3503 បើកបរដោយឈ្មោះ សេង គឹមស្រៀង ភេទប្រុស អាយុ៣០ឆ្នាំ។

យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រាទី១០ ” បទមិនគោរពវិធានការរដ្ឋបាល ”

-ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។

សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕