វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស នឹងមកដល់កម្ពុជាថ្ងៃទី២៦ ខែមីនា ខាងមុខនេះ

(ភ្នំពេញ)៖ នៅក្នុងសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៩ មិនា ២០២១ នេះបានឲ្យដឹងថា នៅពេលខាងមុខនេះ បើគ្មានការផ្លាស់ប្តូរទេ វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែមីនា ដែលនេះគឺជាការ ជូនដំណឹងរបស់ប្រទេសចិន ដែលប្រទេសកម្ពុជាបានបញ្ជាទិញ Sinovac ចំនួន១,៥លានដូសបន្ថែមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រៅពីវ៉ាក់សាំងនេះ ក៏សល់ជំនួយវ៉ាក់សាំង Sinopharm របស់ប្រទេសចិនចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថា នឹងបានទទួលមុនចូលឆ្នាំខ្មែរផងដែរ។

គួរជម្រាបជូនថា សម្តចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីធានាថា ការចាក់វ៉ាក់សាំង និងដំណើរការបានយ៉ាងរលូនមិនមានបញ្ហា និងងាយស្រួលគ្រប់គ្រង ដោយស្នើឱ្យ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជាប្រធាន ដោយក្នុងនោះ សម្តេច បានណែនាំថា ត្រូវផ្តល់អាទិភាពសម្រាប់អ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅទីក្រុងភ្នំពេញ ដែលជាតំបន់រាតត្បាត ដែលសម្រាប់មនុស្សចាស់គឺងាយឆ្លង។

រហូតមកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងចំនួន២ប្រភេទ នោះគឺ Sinopharm ដែលជាជំនួយរបស់ប្រទេសចិនជំហានដំបូងចំនួន៦០ម៉ឺនដូស និង Astra Zeneca ជាង៣២ម៉ឺន ដែលជាជំនួយតាមរយៈយន្តការកូវ៉ាក់ដែលបានផលិតនៅប្រទេសឥណ្ឌា។ហើយគិតត្រឹមថ្ងៃទី១៩ មីនា ២០២១ នេះ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កងទ័ព និងមន្រ្តី និងជនស៊ីវិល បានជាង៣០ម៉ឺននាក់ ដែលក្នុងនោះក្រសួងសុខាភិបាល ចាក់បាន ១៩៨៤៤៧នាក់ ដោយវ៉ាក់សាំងទាំងពីរប្រភេទទាំងស៊ីណូហ្វាម និងអាស្រ្តាសេនេហ្កា ដោយឡែកកងទ័ពគឺចាក់បានចំនួន ១០៩៧៥៦នាក់ ហើយចាក់ដូសទី២ បាន៨១៣៧១នាក់៕