សរសេរបង្ហោះក្នុងគណនីហ្វេសប៊ុកខ្លួនថា​ច្បា​ស់​ហេីយបងប្អូន ជិះម៉ូតូអត់ពាក់ម៉ាស់ប៉ូលីសចាប់មែន​ នាំបង្កឱ្យមានការរិះគន់ដល់សមត្ថកិច្ចនគរបាលពេលនេះចូលមកបំភ្លឺការពិតហេីយ​

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ មានកិត្តិយស សូម​ជម្រាបជូនសាធារណជន​ជាពិសេស បងប្អូននិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបថា​ នៅប៉ុន្មានថ្ងៃកន្លងមក​នេះ​ មានអ្នកប្រេីប្រាស់បណ្តាញសង្គមមួយចំនួនតូចបានសរសេរបង្ហោះនៅក្នុងគណនីរបស់ខ្លួន​ ដោយលេីកឡេីងថា​ មន្រ្តីនគរបាលចរាចរណ៍ផ្លូវ​គោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ផាក​ពិន័យអ្នកធ្វេីដំណេីរដែល(មិនបានពាក់ម៉ាស់)។ ជាក់ស្តែងកាលពីថ្ងៃទី១៩​ ខែ​ មីនា​ ឆ្នាំ​២០​២១​ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​ ចៃឈីង ពិធី​ការក្រុងបាត់ដំបង​ បានសរសេរបង្ហោះផ្សព្វផ្សា​យថា​ (ច្បា​ស់ហេីយបងប្អូនជិះម៉ូតូអត់ពាក់ម៉ាស់ប៉ូលីសចាប់មែន)។ ការសរសេរបង្ហោះក្នុងគណនីរបស់គាត់ភ្លាមៗ​បានបង្កឱ្យមានការលេីកឡេីង​នូវមតិ​យោបល់រិះគន់ចំៗដល់សមត្ថកិច្ចនគរបាល​ចរាចរ​ណ៍ផ្លូវគោក ក្នុងពេលដែលអ្នកប្រេីប្រាស់បណ្តាញសង្គម​មួយចំនួនមិនទាន់បានទទួលប្រពភព័ត៌មានឱ្យបានច្បាស់លាស់នៅឡេីយ។

តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្ត​បាត់ដំបង​ នៅថ្ងៃទី២០​ ខែ​មីនា​ ឆ្នាំ​២០២១​នេះ​ សម​ត្ថកិច្ចនគរបាលបានស្វែងរកម្ចាស់គណនីខាងលេី​ មកធ្វេីការសាកសួរពីបញ្ហានេះ​ ហេីយទីបំផុតម្ចាស់​គណនីដែលមានឈ្មោះពិត​ តាំង​ ចៃឈីង​ ភេទប្រុ​ស​ អាយុ​២៩ឆ្នាំ​ រស់នៅឃុំវត្តតាមឹម​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ បានសារភាពថា​ ការសរ​សេរខ្លឹមសារនិងបង្ហោះផ្សព្វផ្សាយក្នុងគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៩ខែ​មីនា​ឆ្នាំ​២០២១​ នោះគឺជារឿងមិនពិតទេ​ ទាំងនោះគាត់គ្រាន់តែឮគេថា​តែប៉ុណ្ណោះ ហេីយនៅពេលដែលដឹងថារឿងនោះជារឿងមិនពិតគាត់បានលុបខ្លឹមសារ​នោះចេញពីគណនីហ្វេសប៊ុកគាត់ចោលហេីយ។

លោកវរសេនីយ៍ឯក​ ចាន់​ សុធី​ នាយការិយាល័​យ​នគរ​បាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា​ នគរបាល​ចរាចរណ៍​ផ្លូវគោកមិនមានការផាកពិន័យចំពោះអ្នកធ្វេីដំ​ណេីរតាមដងផ្លូវព្រោះតែមិនបានពាក់ម៉ាស់នោះទេ​។ ពេលនេះម្ចាស់គណនីហ្វេសប៊ុកខាងលេីកំពុងធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះនៅចំពោះមុខសមត្ថកិច្ចនគរបាល។

នៅចំពោះមុខបញ្ហាបែបនេះក្នុងនាមស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបងសូមអំពាវនាវដល់បងប្អនអ្នកប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​ សូមមេត្តាប្រេីប្រាស់បណ្តាញទំនាក់ទំនង​ក្នុងរឿងត្រឹមត្រូវ​ ចៀសវាងការ​ប្រេីប្រាស់បណ្តាញសង្គមដែល​នាំបង្កឱ្យខ្លួនមានទោសកំហុស​ ឬប្រេីប្រាស់​​បណ្តាញសង្គមក្នុងចេតនាបំពុលបរិយា​កា​សសង្គមឱ្យសោះ​ សូមអរគុណ៕