ការព្យាបាលជំងឺឫសដូងបាត ដោយប្រើឧបករណ៏ ជំនួយEcho-Doppler សរសៃឈាម

ក-អ្វីទៅជាជំងឺ ឫសដូងបាត ?

ជំងឺឫសដូងបាត គឺជាការប៉ោងសរសៃឈាមឫសដូងបាតដែលស្ថិតនៅរន្ធទ្វារបាត ដែលអាចធ្វើអោយមានការហូរឈាម និង មានការលានសរសៃឈាមឫសដូងបាតនេះមកក្រៅ នៅពេលដែលសាច់ដុំដែលភ្ជាប់សរសៃឈាមនេះមានការខ្សោយ ។ ភាគច្រើនកើតមានលើមនុស្សអាយុ ៤៥ ឆ្នាំ ដល់ ៦៥ ឆ្នាំ ។

ខ-តើជំងឺឫសដូងបាត មានរោគសញ្ញាអ្វីខ្លះ ?

អ្នកជំងឺស្តែងឡើងនូវការបន្ទោរបង់លាមកមានឈាម និង មានការលានសាច់ចេញមកក្រៅ ដែលមាន ៤ ដំណាក់កាល

-ដំណាក់កាលទី ១៖ បន្ទោរបង់លាមកមានឈាមស្រស់

-ដំណាក់កាលទី ២៖ មានលានសាច់ចេញមកក្រៅពេលបន្ទោរបង់ ហើយចូលវិញបន្ទាប់ពីបន្ទោរបង់រួច

-ដំណាក់កាលទី ៣៖ មានលានសាច់ចេញមកក្រៅពេលបន្ទោរបង់ រួចអ្នកជំងឺរុញចូលវិញ

-ដំណាក់កាលទី ៤៖ មានសាច់លានមកក្រៅរហូត

គ-តើអ្វីទៅជាការព្យាបាល ដោយប្រើឧបករណ៍ Echo-Doppler សរសៃឈាម ?

Echo-Doppler សរសៃឈាម ជាឧបករណ៍ម្យ៉ាងដែលអាចរកឃើញនូវសរសៃឈាមក្រហមឫសដូងបាតដែលហូរមកកាន់រន្ធទ្វារបាត។ ការចងនូវ សរសៃឈាមនេះ អាចធ្វើអោយ សំពាធឈាមឫសដូងបាត មានការថយចុះ ដែលកាត់បន្ថយនូវការប៉ោងនៃសរសៃឈាម ឫសដូងបាត ហើយក្រោយ ពីការចងរួច គ្រូពេទ្យអាចធ្វើការចងទាញនូវបណ្តុំសរសៃឈាមឫសដូងបាតដែលលានចេញអោយចូលទៅក្នុងវិញដែលអាចទប់នូវការលាននៃ សរសៃឈាមមកក្រៅ ។ ការព្យាបាល ដោយឧបករណ៍ Echo-Doppler អាចប្រើបានទៅលើ ជំងឺឫសដូងបាតក្នុងដំណាក់កាល ទី២ និង ទី៣ ដែលមានប្រសិទ្ធិភាពខ្ពស់ ។

ឃ-តើមានគុណប្រយោជន៏អ្វីខ្លះ ក្នុងការព្យាបាល ជំងឺឫសដូងបាតដោយ Echo-Doppler ?

ការព្យាបាល ដោយ Echo-Doppler សរសៃឈាម មានអត្ថប្រយោជន៏ច្រើន គឺ៖

-ការព្យាបាលមានប្រសិទ្ធិភាពខ្ពស់

-ការសំរាកពេទ្យឆាប់រហ័ស គឺ ១ថ្ងៃក្រោយការព្យាបាល

-មិនមានរបួសត្រូវលាងសំអាត ក្រោយការព្យាបាល

-ការឈឺចាប់ក្រោយការព្យាបាល មានតិចតួច

-អ្នកជំងឺអាច ធ្វើការងារវិញបានឆាប់រហ័ស

-ផលវិបាកនៃការព្យាបាល មានតិចតួច

ការព្យាបាល ជំងឺឫសដូងបាត ដោយឧបករណ៏ EchoDopplerជាបច្ចេកទេសទំនើបដែលប្រើប្រាស់នូវជុំវិញពិភពលោកដែលមានប្រសិទ្ធភាពខ្ពស់ និង អ្នកជំងឺមិនមានរបួសត្រូវលាងសំអាត ។

បើបង-ប្អូនមានបញ្ហាជំងឺឫសដូងបាត សូមមកទទួលការពិនិត្យ និង ព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត ដែលការព្យាបាលតាមបច្ចេកទេសត្រឹមត្រូវ និងសុវត្ថិភាពខ្ពស់ ៕

ប្រភពព័ត៌មាន÷ មន្ទីរពេទ្យកាល់ម៉ែត