មុខសញ្ញាធ្វើសកម្មភាពគាស់ផ្ទះយ៉ាងកក្រើក លួចទូរស័ព្ទរាប់រយគ្រឿងនៅខេត្តកំពតត្រូវឃាត់ខ្លួនបាននៅស្រុកកំរៀង

ខេត្តបាត់ដំបង÷ កាលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និង ដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់​ដំបង និង ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមនិងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះសហការជាមួយកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពត ដែលដឹកនាំដោយលោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរងផែនការងារនគរ​បាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត និង កម្លាំងអធិការដ្ឋាននគរបាលស្រុក កំរៀង ចុះប្រតិបត្តិការ អនុវត្តន៍តាមដីកាចាត់ឱ្យ ស៊ើបសួរជំនួស លេខ ៤៧៩ /២១ របស់លោក អាំង សុភា ចៅក្រមស៊ើបសួរ​សាលាដំបូងខេត្តកំពត ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស ( គាស់ផ្ទះលួចទូរសព្ទ័ដៃ ) កើតឡើង ចំនួន ០២ ករណី នៅក្នុងខេត្តកំពតនាពេលកន្លងទៅ ដោយបាននាំខ្លួនជនសង័្សយឈ្មោះហែម ហ៊ី ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ចដកហូតសម្ភារៈ រួមមាន៖ – ទូរស័ព្ទម៉ាក samsung ចំនួនពីរគ្រឿង huawei ចំនួន ០១គ្រឿង – កាបូបស្ពាយjiahaiពណ៌ខ្មៅចំនួន០១-អាវក្រណាត់ដៃវែងពណ៌ឈាមជ្រូកចំនួន០១ – ខោខូវប៊យជើងវែងពណ៌ខៀវចំនួន០១ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ហែម ហ៊ី បានឆ្លើយសារភាពថា ៖ ខ្លួនបានធ្វើសកម្មភាពគាស់បង្អួចផ្ទះ លួចយកទូរស័ព្ទដៃ បានចំនួន ០២ លើក កន្លងមកហើយនៅក្នុងខេត្តកំពត ដោយ ៖ -លើកទី ១ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ មិនចាំម៉ោង នៅហាងទូរសព្ទ័យីហោទូកមាសថ្មី ស្ថិតភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ក្រុងកំពត ខេត្តកំពត បានទូរសព្ទ័ដៃចំនួន ៨០ គ្រឿង ។

-លើកទី ២ នៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅ ផ្ទះលក់ទូរស័ព្ទដៃ យីហោ ធិញ ពេជ្រ ស្ថិតក្នុង ភូមិ កំពង់បាយខាងជើង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត បានទូរសព្ទ័ដៃ ចំនួន ២៩៧ គ្រឿង ។

នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ នេះសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានប្រគល់ជនសង្ស័យឱ្យទៅកម្លាំងនគរបាលខេត្តកំ​ពតចាត់ការបន្តតាមនីតិវិធី៕